តុលាការដែលគ្រប់គ្រងដោយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំបន្ថែមទៀត លើការចោទប្រកាន់ពីបទក្លែងបន្លំសន្លឹកឆ្នោត។
បច្ចុប្បន្ន លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ លើបទចោទប្រកាន់១១ករណី ខណៈនៅសល់ការចោទប្រកាន់មួយចំនួនទៀត មិនទាន់កាត់ក្តី។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានបដិសេធរាល់ការចោទប្រកាន់ ហើយការកាត់ក្តីនេះត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សថាជា រឿងនយោបាយ។
ប្រសិនបើត្រូវបានកាត់ទោសលើការចោទប្រកាន់ទាំងអស់មែននោះ លោកស្រីអាចប្រឈមមុខ នឹងការជាប់ពន្ធនាគាររយៈពេលជិត ២០០ ឆ្នាំ ។
មេធាវីរបស់លោកស្រី និយាយថាការកាត់ទោសថ្មីនេះ រួមបញ្ចូលទាំងការធ្វើពលកម្មធ្ងន់ធ្ងរផងដែរ។ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ មិនអាចដឹងព័ត៌មានអំពីសវនាការបិទទ្វារបានទេ ហើយយោធាបានរារាំងមេធាវីរបស់លោកស្រី មិនឲ្យនិយាយជាមួយអ្នកកាសែត។
តុលាការបានរកឃើញថាលោកស្រីមានទោសពីបទក្លែងបន្លំក្នុងការបោះឆ្នោតសកលខែ វិច្ឆិកា ឆ្នាំ ២០២០ ដែលគណបក្ស របស់លោកស្រី គឺគណបក្ស សម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។
កងទ័ពបានធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន បន្ទាប់ពីចោទប្រកាន់ថា មានការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងច្រើននៅក្នុងការបោះឆ្នោត ប៉ុន្តែអ្នកសង្កេតការណ៍ការបោះឆ្នោតឯករាជ្យអះអាងថា ការបោះឆ្នោតគឺ “តំណាងឲ្យឆន្ទៈរបស់ប្រជាជន”៕



ប្រភព Anadolu Agency ដោយគីរីដងរែក




