តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធទី៧ខែសីហា បានបញ្ជាឲ្យរំលាយគណបក្សប្រឆាំងធំបំផុត គឺគណបក្សចលនាឆ្ពោះទៅមុខ (Move Forward Party) ជុំវិញការប៉ុនប៉ងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ តុលាការក៏ហាមឃាត់សមាជិកប្រតិបត្តិរបស់គណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល១០ឆ្នាំផងដែរ។ បម្រាមនេះគឺអនុវត្តចំពោះអតីតមេបក្សលោក Pita Limjaroenrat និង Chaithawat Tulaton ដែលជាមេបក្សបច្ចុប្បន្ន។ រឿងធំ គឺពាក់ព័ន្ធនឹងគោលនយោបាយសំខាន់របស់បក្សចលនាឆ្ពោះទៅមុខ ដោយពួកគេចង់កែប្រែមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ដែលផ្ដន្ទាទោសអ្នកប្រមាថព្រះមហាក្សត្រឲ្យជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ។
កាលពីខែមករា តុលាការធម្មនុញ្ញប្រកាសថា នោះគឺជាគោលនយោបាយដ៏ប្រថុយប្រថាន ដែលនឹងបំពានរដ្ឋធម្មនុញ្ញ ហើយបញ្ជាឲ្យគណបក្សនេះឈប់តស៊ូមតិទាមទារកែច្បាប់នេះតទៅទៀត។ លុះមកដល់ខែមីនា គណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏បានដាក់ញត្តិ ដោយស្នើឲ្យតុលាការ រំលាយគណបក្សនេះចោលតែម្តង ដោយសំអាងថា ខ្លួនរកឃើញព័ស្តុតាងសមហេតុផលថា គណបក្សនេះព្យាយាមផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។ ជាមួយនឹងសេចក្តីសម្រេចខាងលើ គណបក្សចលនាឆ្ពោះទៅមុខ បានក្លាយជាក្រុមនយោបាយចុងក្រោយបង្អស់ ដែលត្រូវបញ្ជាឲ្យរំសាយ។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ គណបក្សផ្សេងទៀតជាច្រើន ត្រូវបានរំលាយ ក្នុងនោះក៏រួមមានទាំងគណបក្សមុនរបស់ ចលនាឆ្ពោះទៅមុខ គឺគណបក្សអនាគតឆ្ពោះទៅមុខ ដែលត្រូវតុលាការធម្មនុញថៃ បញ្ជាឲ្យរំលាយក្នុងឆ្នាំ២០២០ផងដែរ។
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ចលនាឆ្ពោះទៅមុខ បានឈ្នះ១៥១អាសនៈ ក្លាយជាគណបក្សធំតែមួយគត់ នៅក្នុងសភាជាន់ទាបដែលមាន៥០០អាសនៈ។
ទោះបីជាយ៉ាងណាក៏ដោយ ដៃគូចម្រុះរបស់ចលនាឆ្ពោះទៅមុខ គឺគណបក្សភឿថៃ ដែលជាប់លេខ២ក្នុងការបោះឆ្នោត បាននិយាយថា ខ្លួនមិនយល់ស្របនឹងគោលនយោបាយរបស់ ចលនាឆ្ពោះទៅមុខ ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រទេ រួចក៏កាត់ផ្តាច់សម្ព័ន្ធភាពនេះទៅ។
បន្ទាប់មក ភឿថៃបានរួបរួម ជាមួយគណបក្សផ្សេង ដើម្បីបង្កើតសម្ព័ន្ធថ្មី នាំឲ្យរដ្ឋាភិបាលមួយលេចចេញជារូបរាង ដោយមានមហាសេដ្ឋីអចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន កាន់តំណែងជានាយករដ្ឋមន្ត្រី៕
ដោយគិរីដងរែក