ថ្វីបើអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg សាទរចំពោះការដកទ័ពរបស់រុស្ស៊ីនៅច្រាំងទន្លេ Dnieper ថាជាជ័យជម្នះសម្រាប់អ៊ុយក្រែនក៏ដោយ ប៉ុន្តែលោកបានជំរុញបស្ចិមកុំឲ្យមើលងាយសក្តានុពលរបស់ទីក្រុងមូស្គូសម្រាប់ការដកថយនេះឲ្យសោះ។
នៅពេលសួរអំពីការប្រកាសដកទ័ពរបស់រុស្ស៊ីចេញពីតំបន់ Kherson, លោក Stoltenberg បានសរសើរកងកម្លាំងរបស់ទីក្រុងកៀវ សម្រាប់សមត្ថភាពរបស់ពួកគេក្នុងការរំដោះទឹកដីអ៊ុយក្រែនបន្ថែមទៀត ហើយថា ការគាំទ្រដែលពួកគេទទួលបានពីចក្រភពអង់គ្លេស ពីសម្ព័ន្ធមិត្ត និងដៃគូណាតូ គឺជារឿងចាំបាច់។
លោកបានប្រាប់អ្នកកាសែតនៅទីក្រុងឡុងដ៍ កាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា “យើងបានឃើញការប្រកាសនេះ ប៉ុន្តែជាការពិតណាស់ យើងនឹងរង់ចាំមើលថាតើមានអ្វីកើតឡើង”។
មេដឹកនាំណាតូរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយ Sky News ថា “ប៉ុន្តែយើងមិនត្រូវមើលស្រាលរុស្ស៊ីទេ ពួកគេនៅតែមានសមត្ថភាព។ យើងបានឃើញដ្រូន យើងបានឃើញការវាយប្រហារដោយមីស៊ីល។ វា បង្ហាញ ថា រុស្ស៊ី នៅ តែ អាច បង្ក ការ ខូច ខាត ច្រើន”។
ទោះបីជាមានការវាយលុកទ្រង់ទ្រាយធំដោយកងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃអង្គារក៏ដោយ ក៏ឧត្តមសេនីយ៍រុស្ស៊ី Sergey Surovikin បានសម្រេចចិត្តដកកងទ័ពចេញពីតំបន់ Kherson ឆ្លងកាត់ទន្លេ Dnieper កាលពីថ្ងៃពុធ ។
លោកបានលើកហេតុផលថា ប្រសិនបើទីក្រុងកៀវ ទទួលបានជោគជ័យជាមួយនឹងគម្រោងបំផ្ទុះទំនប់ Kakhovskaya នោះ ទឹកជំនន់នឹងបណ្តាលឲ្យមានជនស៊ីវិលនិងយោធាស្លាប់ និងរបួសយ៉ាងច្រើននៅក្នុងតំបន់នេះ។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ កងកម្លាំងរុស្ស៊ីបាននិងកំពុងជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ Kherson ខណៈយោធាអ៊ុយក្រែន បាញ់ផ្លោងមិនរើសមុខនៅក្នុងតំបន់។ លោកSurovikin និយាយថា ពលរដ្ឋជាង ១១៥ ០០០នាក់ ត្រូវបានជម្លៀសចេញពីត្រើយខាងសាំងនៃទន្លេ៕



ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក




