រដ្ឋាភិបាលអាល្លឺម៉ង់បានយល់ព្រមបញ្ជូនជំនួយយោធាចំនួន ១២ពាន់លានអឺរ៉ូ ឬស្មើនឹង ១៣.០១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន បន្ទាប់ពីទទួលបានភ្លើងខៀវពីគណៈកម្មាធិការថវិកានៃសភាអាល្លឺម៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ សម្រាប់ការចំណាយដែលស្នើឡើងដោយក្រសួងការពារជាតិ និងការិយាល័យកិច្ចការបរទេស។
ជំនួយយោធាបន្ថែមថ្មីនេះ រួមមានជាង ៣.៤ពាន់លានដុល្លារនឹងត្រូវបញ្ចេញនៅឆ្នាំ ២០២៣នេះ ក៏ដូចជាឥណទានសម្រាប់រយៈពេលចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣២ ប្រហែលជាង ៩.៥លានពាន់ដុល្លារ។ អ្នកនយោបាយ ៣រូបដែលតំណាងឲ្យរដ្ឋាភិបាលចម្រុះនៃគណៈកម្មាធិការសភា បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «មានថវិការនេះ អ៊ុយក្រែនអាចនឹងទិញអាវុធដោយខ្លួនឯងបាន ជាមួយនិងការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់។ វាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រអ៊ុយក្រែន ដរាបណាវានៅតែចាំបាច់»។
គួរបញ្ជាក់ថា បើតាមការិយាល័យកិច្ចការបរទេសអាល្លឺម៉ង់ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមក រដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ជំនួយជាង ១៥.៣ពាន់លានដុល្លារហើយ សម្រាប់អ៊ុយក្រែន៕




ប្រភព Bloomberg.com ប្រែសម្រួលដោយគិរីដងរែក




