សៀមរាប៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខេត្តសៀមរាបបានធ្វើជាម្ចាស់ផ្ទះនៃជំនួបដ៏មានសារៈ សំខាន់មួយ រវាងតំណាងសង្គមស៊ីវិលកម្ពុជា និងសង្គមស៊ីវិលចិន ក្នុងបរិយាកាសមិត្តភាព ការយោគយល់ និងការសហការយ៉ាងជិតស្និទ្ធ។ ជំនួបនេះមានគោលបំណងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេល វែង។

ជំនួបនេះត្រូវបានដឹកនាំនិងសម្របសម្រួលដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិលពីភាគីកម្ពុជា ខណៈភាគីសង្គម ស៊ីវិលចិន ត្រូវបានដឹកនាំដោយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ដោយទទួល បាននូវអនុសាសន៍ចង្អុលបង្ហាញពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គម ស៊ីវិល នៅក្នុងការសម្របសម្រួលជាមួយអង្គការ និងស្ថាប័នសង្គមស៊ីវិលជាច្រើនក្នុងខេត្តសៀមរាប លោក សួង ហួត អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបថា ជំនួបរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរបានបង្ហាញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តក្នុងការ លើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើគោលការណ៍សន្តិភាព ការអភិវឌ្ឍ និងផល ប្រយោជន៍រួម។ លោកបន្ថែមថា ក្នុងអំឡុងពេលជំនួប ភាគីទាំងពីរបានពិភាក្សាយ៉ាងសកម្មលើប្រធានបទ សំខាន់ៗជាច្រើន ដូចជា ការបង្កើនសមត្ថភាពស្ថាប័នសង្គមស៊ីវិល ការចែករំលែកបទពិសោធន៍ក្នុងការ អភិវឌ្ឍសហគមន៍ ការចូលរួមក្នុងសកម្មភាពសង្គម និងមនុស្សធម៌ ព្រមទាំងការចូលរួមគាំទ្រការអភិវឌ្ឍ សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តំណាងសង្គមស៊ីវិលកម្ពុជា លោក សួង ហួត បានរំលេចថា ក្នុងការរួមចំណែកបង្កើនទំនាក់ទំនង រវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលដឹកនាំ ដោយឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ដែលបានសម្របសម្រួលជាមួយបណ្តាសង្គមស៊ីវិលទាំងអស់នៅកម្ពុជាបានផ្តួចផ្តើមរៀបចំជំនួបនៅក្នុង ខេត្តសៀមរាបនេះក្នុងគោលគំនិតបង្កើតបាន “យន្តការសហប្រតិបត្តិការរួម” រវាងសង្គមស៊ីវិលកម្ពុជា និង ចិន ដើម្បីបន្តរួមចំណែកជាមួយអង្គពាក់ព័ន្ធនានាក្នុងការជំរុញវិស័យ ទេសចរណ៍ឱ្យមានសន្ទុះរីកចម្រើនបន្ថែមទៀត ស្របពេលដែលខេត្តសៀមរាបត្រូវបានលើកឡើងថា ជាគោលដៅយុទ្ធសាស្ត្រសំខាន់មួយ ដោយសារតែមានសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ល្បីល្បាញ និងមាន សក្តានុពលទាក់ទាញភ្ញៀវទេសចរពីទូទាំងពិភពលោក។

តំណាងសង្គមស៊ីវិលចិន លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បានឯកភាពថា កិច្ចសហការរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ ក្រោមឆ័ត្ររបស់ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ពិតជាអាចបន្តសកម្មភាពអនុវត្តតួនាទីសំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយ វប្បធម៌ ការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការបង្កើតបរិយាកាសទាក់ទាញសម្រាប់ភ្ញៀវទេសចរ ចិន មកទស្សនាកម្ពុជា ជាពិសេសខេត្តសៀមរាប។ ជាមួយគ្នានេះ លោកស្រីបានសម្ដែងការគាំទ្រយ៉ាង ខ្លាំងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរចិន រយៈពេល៤ខែ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ គោលនយោបាយ នេះត្រូវបានចាត់ទុកថា ជាជំហានវិជ្ជមានមួយក្នុងការជំរុញចំនួនភ្ញៀវទេសចរ ពង្រីកទីផ្សារទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅខេត្តសៀមរាប។

លទ្ធផលនៃជំនួប ភាគីសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ក៏បានពិភាក្សាពីគម្រោង និងគំនិតផ្តួចផ្តើមនានាស្តីពីកិច្ចសហការជាមួយស្ថាប័ននិងអង្គពាក់ព័ន្ធនានាក្នុងការរៀបចំកម្មវិធីរួមផ្សេងៗ ដូចជា កម្មវិធីផ្លាស់ប្តូរវប្បធម៌ ការផ្សព្វផ្សាយគោលដៅទេសចរណ៍តាមបណ្តាញឌីជីថល ការរៀបចំ ព្រឹត្តិការណ៍ជំនួបអន្តរជាតិ និងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍។ ជំនួបនៅខេត្តសៀមរាបលើកនេះ រវាងសង្គមស៊ីវិលកម្ពុជា និង សង្គមស៊ីវិលចិន ដែលបានរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបានចាត់ទុកថាជាជំហានថ្មីមួយដ៏សំខាន់ក្នុងការពង្រឹងមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការយូរ អង្វែង ក៏ដូចជាការចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច៕



ដោយគិរីដងរែក




