ក្រុមអត្តពលិកកីឡាវ៉ូវីណាមបានចេញដំណើរពីកម្ពុជាហើយនៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ នៅប្រទេសវៀតណាម ដែលបាននិតកំពុងដំណើរការបច្ចុប្បន្ននេះ។
សម្រាប់វ៉ូវីណាម បានបញ្ជូនកីឡាករ១១នាក់ និងកីឡាការិនី៧នាក់ទៅប្រកួតលើ១៥វិញ្ញាសា។ ក្នុងនោះដែរ ជើងខ្លាំងគុនខ្មែរ៣រូប គឺ ទិន ឌិនហៅ សែន រ៉ាដេត, អេ វីរៈខាំឈីតភូថង និងអេ អំាម៉ារិនភូថង។
ទោះមានបទពិសោធធ្លាប់បានមេដាយមាសទាំងកម្រិតអាស៊ី និងពិភពលោកកន្លងមក ទិន ឌិន ឬសែន រ៉ាដេត អះអាងមិនប្រហែសឡើយក្នុងការប្រកួតស៊ីហ្គេមលើកដំបូងនេះ ព្រោះកីឡាករក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមក៏មានបេក្ខជនល្អៗច្រើន។
ចំណែក អេ វីរៈខាំឈីតភូថង ដែលទស្សនិកជនគុនខ្មែរស្គាល់ថា ម៉ឺន មេឃា បានប្ដេជ្ញាចិត្តដូចគ្នាក្នុងការប្រកួតស៊ីហ្គេម លើកដំបូងរបស់ខ្លួន។
មិនខុសពីបងប្រុសរបស់ខ្លួនទេ គឺ អេ អំាម៉ារិនភូថង នឹងព្យាយាមអស់ពីសមត្ថភាពដើម្បីយកមេដាយជូនជាតិមាតុភូមិ។
គួរដឹងដែរថា ការប្រកួតវ៉ូវីណាមនឹងធ្វើឡើងនៅថ្ងៃពុធ ទី១៨ ខែឧសភា។ នេះជាលើកដំបូងហើយដែលវ៉ូវីណាមកម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខណៈ២០២៣ ដែលធ្វើឡើងនៅប្រទេសកម្ពុជា ផ្ទាល់ខ្លួន សហព័ន្ធក៏ត្រៀមសម្រាប់ប្រកួតដែរ៕
ដោយគីរីដងរែក