រួមរស់ជាមួយគ្នាជាង ៩ឆ្នាំ រហូតដល់មានកូនប្រុសមួយទៅហើយ តារាទូរទស្សន៍ Simon Cowell ទើបដាច់ចិត្តសុំមិត្តស្រីរៀបការ ព្រមទាំងព្រលយថា អាពាហ៍ពិពាហ៍របស់ខ្លួននឹងរៀបចំឡើងដោយមិនកំណត់ពេលនោះទេ។
កាលពីបុណ្យណូអែលកន្លងទៅថ្មីៗនេះ មហាសេដ្ឋីតន្ត្រីវ័យ ៦៣ឆ្នាំ Simon Cowell បានស្នើសុំអ្នកនាង Lauren Silverman វ័យ ៤៥ឆ្នាំ ដែលជាមិត្តស្រីរបស់លោកជាង ៩ឆ្នាំមកហើយ ចូលរោងការជាផ្លូវការ ប៉ុន្តែបែរជាមិនប្រាប់កាលបរិច្ឆេទច្បាស់លាស់ ដោយអះអាងថា លោកនឹងរៀបចំពិធីមង្គលការភ្លាម ពេលណាដែលរួចរាល់ទាំងសងខាង។
ថ្វីត្បិតបានសុំមិត្តស្រីរៀបការហើយក៏ដោយ ប៉ុន្តែថ្លែងទៅកាន់កាសែត The Sun លោក Simon បានប្រាប់ថា ខ្លួនចូលចិត្តធ្វើអ្វីដែលមិនបង្ខំ ព្រោះវាគ្មានសម្ពាធ និងធ្វើឱ្យលោកសប្បាយចិត្ត ដូច្នេះពេលវេលាជាក់លាក់នៃថ្ងៃមង្គលរបស់លោក មិនទាន់ប្រាកដឡើយ។ យោងតាមកាសែត The Sun តារាប្រុសរូបនេះ និងមិត្តស្រី អាចនឹងរៀបការនៅខែកញ្ញា ឆ្នាំ២០២៣ ក្រោយពេលផ្ទះថ្មីរបស់ពួកគេនៅ Cotswolds សាងសង់រួចរាល់ជាស្ថាពរ៕


ប្រភព Prarade ប្រែសម្រួលដោយគីរីដងរែក




