(ហាណូយ)៖ កម្ពុជាបានបន្ថែមមេដាយមាសទី៩ ដោយកីឡាករគុនខ្មែរ ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា បន្ទាប់ពីប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះវៀតណាម Cao Minh Phat Truong ដោយពិន្ទុ ៣ទឹកដាច់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងការប្រកួតដណ្ដើមមេដាយមាសនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានអញ្ជើញទស្សនា និងលើកទឹកចិត្តផ្ទាល់ដល់កីឡាករកម្ពុជា យ៉េន ឌីណា អមដំណើរដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជាផងដែរ។
នេះគឺជាមេដាយមាសទី៩ របស់កម្ពុជា ដែលដណ្ដើមបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ មុនពិធីបិទការប្រកួតផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ ហើយសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងដឹកនាំប្រតិភូពិសេសរបស់កម្ពុជា អញ្ជើញចូលរួមពិធីបិទនេះ ដើម្បីទទួលទង់ស៊ីហ្គេម សម្រាប់បន្ដវេនធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
ដោយគីរីដងរែក