សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីបឋម៣៥នាក់នៃក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាដើម្បីប្រមូលផ្ដុំហ្វឹកហាត់ មុនឆ្ពោះទៅស៊ីហ្គេម ២០២១ នៅវៀតណាម ខែឧសភា ឆ្នាំ២០២២ ខាងមុខ។
លោក ប្រាក់ វុទ្ធី គ្រូបង្គោលបណ្ដោះអាសន្នក្រុមនារីកម្ពុជា ប្រាប់ថា ការប្រមូលផ្ដុំហ្វឹកហាត់នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែមេសា តទៅនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់បាទី។ ការហ្វឹកហាត់ត្រូវបែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទី១ ហ្វឹកហាត់ក្នុងចំណោម៣៥នាក់ មុនចម្រាញ់យក២៥នាក់សម្រាប់ដំណាក់កាលទី២។
មិនតែប៉ុណ្ណោះទេ ក៏មានការប្រកួតសមជើងតទល់ក្រុមយុវជនបាទី អាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំផងដែរ។ ក្រុមនារីកម្ពុជានឹងចេញទៅ វៀតណាម នៅថ្ងៃទី០៦ ខែឧសភា។ កម្ពុជាស្ថិតក្នុងពូល A ជាមួយម្ចាស់វៀតណាម, ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្នុងការចូលរួមស៊ីហ្គេមលើកដំបូងនេះ ហើយបើកឆាកតទល់ហ្វីលីពីន ថ្ងៃទី០៩ ខែឧសភា។
គួរដឹងដែរថា កីឡាការិនីទាំង ៣៥នាក់ត្រូវបានចម្រាញ់ចេញពីភ្នំពេញក្រោន, បឹងកេត, ណាហ្គាវើលដ៍កំពង់ស្ពឺ, ព្រះខ័នរាជស្វាយរៀង និងសៀមរាបអេហ្វស៊ី៕
ដោយ៖ គីរិដងរែក