នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃចន្ទទី២៣ខែមករានេះថា ទីក្រុងតូក្យូ មានផែនការពង្រឹងទំនាក់ទំនងជាមួយដៃគូរបស់ខ្លួន នៅក្នុងក្រុមទាំងប្រាំពីរ (G7) និងបណ្តាប្រទេស Global South ដែលជាផ្នែកមួយនៃគោលនយោបាយដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី និងគាំទ្រអ៊ុយក្រែន។
ក្នុងសុន្ទរកថាចេញពីសភាជាន់ទាប លោក Kishida និយាយថា “ដើម្បីធ្វើឲ្យប្រាកដថា សហគមន៍អន្តរជាតិសហការគ្នា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ, G7 នឹងរួបរួមហើយពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអ្វីដែលគេហៅថា Global South។ ដល់ទីបញ្ចប់ យើងនឹងធ្វើការរួមគ្នាដើម្បីយកឈ្នះលើវិបត្តិថាមពល និងអាហារ ក្នុងសេដ្ឋកិច្ចសកល។ លើសពីនេះ យើងនឹងជំរុញយ៉ាងសកម្ម លើការដាក់ទណ្ឌកម្មរុស្ស៊ី ហើយគាំទ្រអ៊ុយក្រែន”។
នៅពេលនិយាយអំពីការធ្វើជាប្រធាន G7 របស់ប្រទេសជប៉ុន លោក Kishida បានកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំកំពូល ហ៊ីរ៉ូស៊ីម៉ា ទីក្រុងតូក្យូមានបំណងបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីបង្កើតពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។
ទង់ជាតិជប៉ុន និងរុស្ស៊ី
គួរបញ្ជាក់ថា ប្រទេសជប៉ុនដែលជាប្រធាន G7 ឆ្នាំនេះ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ានៅខែឧសភា។
ទីក្រុងនេះបានស្ថិតក្រោមការទម្លាក់គ្រាប់បែកបរមាណូ ដោយកងទ័ពអាកាសសហរដ្ឋអាមេរិកនៅថ្ងៃទី៦ខែសីហាឆ្នាំ១៩៤៥ ចំណែកគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ទៀត បានទម្លាក់លើទីក្រុង ណាហ្គាសាគី នៅថ្ងៃទី៩ខែសីហាឆ្នាំ១៩៤៥៕
ប្រភព Tass ប្រែសម្រួលដោយគីរីដងរែក




