(តូក្យូ)៖ នៅថ្ងៃចន្ទនេះ ជប៉ុននិងឥណ្ឌាបានចាប់ផ្តើម ការធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នាជាលើកដំបូង នៅក្បែរទីក្រុងតូក្យូ ស្របពេលដែលប្រទេសទាំងពីរបានបង្កើនចំណងទាក់ទងផ្នែកការពារជាតិនិងសន្តិសុខ ជាមួយក្រសែភ្នែកសម្លឹងមើលទៅលើ ការកើនឡើងនៃអានុភាពយោធារបស់ចិននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។
ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា សមយុទ្ធយោធានេះមានរយៈពេលសរុប១១ថ្ងៃ ហើយនឹងមានការចូលរួមពីសំណាក់ យន្តហោះចម្បាំងជប៉ុន៨គ្រឿង ខណៈខាងភាគីឥណ្ឌាបញ្ជូនយន្តហោះចម្បាំង៤គ្រឿង ព្រមទាំងយន្តហោះដឹកជញ្ជូន២គ្រឿង និងយន្តហោះសម្រាប់ចាក់សាំងលើអាកាស១គ្រឿង មកចូលរួម។ កងទ័ពអាកាសឥណ្ឌាប្រហែល១៥០នាក់ ត្រូវចូលរួមក្នុងលំហាត់យោធានេះ នៅឯមូលដ្ឋានទ័ពអាកាស ហ៉ីយ៉ាគូរិ (Hyakuri) ក្នុងខេត្តអ៉ីបារ៉ាគិ (Ibaraki) ភាគឦសានទីក្រុងតូក្យូ។
សមយុទ្ធយោធារួមខាងលើ ត្រូវបានព្រមព្រៀងដោយប្រទេសទាំងពីរ កំលុងកិច្ចពិភាក្សារវាងក្រុមរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសជប៉ុន-ឥណ្ឌា តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារការផ្ទុះឡើង នៃជំងឺរាតត្បាតកូវីដ១៩។
គួរបញ្ជាក់ថា ជប៉ុននិងឥណ្ឌា រួមជាមួយអូស្រ្តាលីនិងសហរដ្ឋអាមេរិក ស្ថិតក្នុងសម្ព័ន្ធភាពចតុភាគីមួយហៅថា ក្វាដ (Quad) ដែលត្រូវបានក្រុមអ្នកវិភាគមើលឃើញថា បង្កើតឡើងដើម្បីទប់ទល់នឹងការកើនឡើង នៃឥទ្ធិពលយោធានិងសេដ្ឋកិច្ចរបស់ប្រទេសចិន៕




ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក




