ជាលើកដំបូង អង្គការឈានមុខគេ និងសកម្មជនរ៉ូហ៊ីងយ៉ាលេចធ្លោជាច្រើនបានបង្កើតសម្ព័ន្ធភាពរួមគ្នាមានឈ្មោះថា “សម្ព័ន្ធជាតិអារ៉ាកានរ៉ូហ៊ីងយ៉ា (ARNA)” ដោយមានគោលបំណងការពារ និងធានាសុវត្ថិភាពដល់សហគមន៍ដែលត្រូវបានធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសកំណើតរបស់ពួកគេ ចាប់តាំងពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីនរបស់មីយ៉ាន់ម៉ា ក្នុងខែសីហាឆ្នាំ ២០១៧ ។
លោក Nay San Lwin សមាជិកស្ថាបនិកនៃ ARNA និងជាសហស្ថាបនិកនៃសម្ព័ន្ធរ៉ូហ៊ីងយ៉ាសេរី បានប្រាប់ទីភ្នាក់ងារ Anadolu កាលពីថ្ងៃព្រហស្បតិ៍ថា តំណាងបង្រួបបង្រួមនៃជនជាតិរ៉ូហ៊ីងយ៉ា គឺបង្ហាញពីភាពចាំបាច់ដល់សហគមន៍អន្តរជាតិដែលពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា ។
លោក Lwin បាននិយាយថា ក្នុងចំណោមសហគមន៍ជនភៀសខ្លួន, ជនជាតិរ៉ូហ៊ីងយ៉ាមានអង្គការរាប់សិប ប៉ុន្តែមិនមាននរណាម្នាក់ក្នុងចំណោមពួកគេជាអ្នកតំណាងនោះទេ ខណៈកិច្ចសហការដ៏រឹងមាំក្នុងចំណោមអង្គការរ៉ូហ៊ីងយ៉ានេះ គឺត្រូវបានទាមទារដើម្បីឲ្យមានតំណាងសម្រាប់សហគមន៍ទាំងមូល ។
ទន្ទឹមនោះ លោកបានចោទប្រកាន់យោធារបស់ប្រទេសនេះ ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ាផងដែរ ហើយបាននិយាយថា កងទ័ពមីយ៉ាន់ម៉ាមិនមែនជាសម្ព័ន្ធមិត្តរបស់ពួកគេនោះទេ ។
លោកបញ្ជាក់ថា “យើងមិនចាំបាច់មានការប្រុងប្រយ័ត្នចំពោះអ្វីដែលកងទ័ពមីយ៉ាន់ម៉ាគិតពីយើងនោះទេ ។ សារៈសំខាន់បំផុតសម្រាប់ពួកយើង គឺរបៀបដែលយើងអាចនាំយោធានេះទៅកាន់យុត្តិធម៌ និងធានាសិទ្ធិរបស់យើងនៅក្នុងសហភាពប្រជាធិបតេយ្យសហព័ន្ធថ្មីនៃប្រទេសមីយ៉ាន់ម៉ា” ។
អង្គការ ARNA ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំមេដឹកនាំរ៉ូហ៊ីងយ៉ាជាច្រើននាក់ដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីសម្រេចបាននូវសិទ្ធិនៃ “ការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនរ៉ូហ៊ីងយ៉ានៅក្នុងសហព័ន្ធសហភាពមីយ៉ាន់ម៉ា” ដែលជាអង្គការដែលទើបបង្កើតថ្មី ៕






ប្រភព Anadolu ប្រែសម្រួលដោយគីរីដងរែក




