26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ចូរយល់ដឹងអំពីថ្ងៃបុណ្យ នៃ សេចក្តីស្រឡាញ់ ( Happy Valentine’s Day ) ទាំងអស់គ្នា តើមានអត្ថន័យ និងប្រវត្តិបែបណា ?

- Advertisement -spot_img

ភ្នំពេញៈ នៅថ្ងៃទី ១៤ ខែកុម្ភៈ នេះគឺជាថ្ងៃទិវាបុណ្យ នៃសេចក្តីស្រឡាញ់ ឬ ហៅថា ថ្ងៃបុណ្យទិវា “Valentine’s Day” ។ ពិតណាស់ថ្ងៃបុណ្យ នេះគឺជាថ្ងៃ ដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍នោះឡើយ។ តាមពិតសេចក្ដីស្រឡាញ់នេះ គឺមានលក្ខណៈទូលំទូលាយខ្លាំងណាស់ ។

នៅក្នុងថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាបសូកូឡាឬ កាតជូនពរឲ្យគ្នា ទៅវិញទៅមក ។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺ រូបបេះដូងផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញ និងបេះដូងជាដើម ។

គេឃើញថានាពេលបច្ចុប្បន្នមានមនុស្សជាច្រើនស្ទើរតែទូទាំងពិភពលោកចាត់ទុកជាថ្ងៃពិសេសជាង ថ្ងៃណាទាំងអស់ក្នុងការបង្ហាញពី ក្តីស្រឡាញ់របស់ពួកគេទៅកាន់មនុស្សជាទីស្រឡាញ់ ឪពុក ម្តាយ បងប្អូន និងមិត្តភិក្តិជាដើម ។

នៅប្រទេសកម្ពុជាយើងវិញ មានក្រុមមនុស្សមួយចំនួនបានយល់ច្រឡំថាជាថ្ងៃបុណ្យសង្សារ ដែលធ្វើឡើងសម្រាប់តែក្នុងចំណោមយុវជនតែប៉ណ្ណោះ។ ទោះបីយ៉ាងណានាពេលនេះ មនុស្សជាច្រើនបានយល់ពីអត្ថន័យពិតរបស់វាហើយប្រើថ្ងៃនេះជាថ្ងៃចែករំលែក នៃសេចក្តីស្រឡាញ់ដល់គ្នាវិញ មិនថាចាស់ក្មេងឬ វ័យ ណានោះឡើយ ។

ផ្តើមចេញពីការយល់ខុសអត្ថន័យ និងសំដៅការទប់ស្កាត់ នៃការប្រព្រឹត្តិភ្លើងភ្លើនរបស់ យុវវ័យ មួយចំនួន នាពេលកន្លងមក ក្រសួង ពាក់ព័ន្ធក្នុងនេះ រួមមាន ក្រសួងអប់រំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងកិច្ចការនារី ជាដើម បានចេញមកអំពាវនាវជាពិសេសយុវវ័យកុំប្រើប្រាស់ទិវានេះ ជាលេសប្រព្រឹត្តអំពើអវិជ្ជមាន ដែលប្រាសចាកគន្លងប្រពៃណី និងធ្វើឱ្យបាត់បង់កិត្តិយសរបស់ខ្លួន និងក្រុមគ្រួសារ ។

តើទិវាបុណ្យនៃសេចក្តីស្រឡាញ់នៅថ្ងៃទី១៤ កុម្ភៈមានប្រវត្តិបែបណា ?

ប្រភពដើមនៃទិវានៃក្ដីស្រលាញ់ឬហៅថា Valentine’s Day ត្រូវគេជឿថាគឺប្រារព្ធឡើងនៅពាក់កណ្ដាលខែកុម្ភៈ ដើម្បីរំឭកពីខួបនៃ មរណភាពរបស់លោក Valentine ។

រឿងរ៉ាវនោះបានពាក់ព័ន្ធ នឹងសម័យកាលចក្រភពរ៉ូមពេលព្រះវិហារកាតូលិកបានទទួលស្គាល់សម្ដេចសង្ឃបីនាក់ ផ្សេងគ្នាឲ្យឈ្មោះថា លោកValentine ឬ Valentinus ដែលជាអ្នកបូជាជីវិតឲ្យសាសនា ។ លោក Valentine គឺជាអ្នកបម្រើសាសនាក្នុងសតវត្សទី៣ ដែល បានជួយការពារ នៃសេចក្ដីស្រលាញ់ដល់គូស្នេហ៍ជនជាតិ រ៉ូម៉ាំង ។

ក្នុងយុគសម័យនោះ អធិរាជចក្រភពរ៉ូម Claudius II បានយល់ថាបុរសៗ ដែលនៅលីវជាច្រើន គឺជាកងទ័ពដែលមានសមត្ថភាពជាង បុរសៗ ដែលមានប្រពន្ធ និងគ្រួសារ ។ ដោយការយល់ បែបនេះទើបអធិរាជបានសម្រេចដោយបានសាក់កំហិតមិនឱ្យបុរស នៅលីវរៀបការហើយចាត់ទុកថាការរៀបការ គឺជារឿងខុសច្បាប់ ។

ដោយមើលឃើញពីភាពអយុត្តិធម៌ដល់បុរសយុវជនទើបលោក Valentine ដែលជាសង្ឃគ្រិស្តសាសនាបានប្រឆាំងជំទាស់នឹងច្បាប់មួយ នេះ ។ បុព្វជិតរូបនេះ ទើបបានជួយរៀបចំផ្សំផ្គុំពិធីរៀបរៀបអាពាហ៍ពិពាហ៍ ដោយលួចលាក់ដល់គូស្នេហ៍បុរសនាយុគសម័យនោះ ។ បន្ទាប់ពីរឿងរ៉ាវនេះ លេចឮដល់អធិរាជ ចក្រភពរ៉ូម Claudius II ដឹងរឿងនោះក៏បានបញ្ជាឲ្យចាប់លោក Valentine ដាក់គុក ហើយ ត្រូវបានទទួលរងទុក្ខវេទនាក្នុងនេះ ដូចជាការវាយដំគប់ ដុំថ្មរហូតដល់ប្រហារជីវិតកាត់ក្បាល ។

លោកបានស្លាប់នៅថ្ងៃទី ១៤ កុម្ភៈ ២៦៩ នៅក្រុងរ៉ូមដោយសពរបស់លោកត្រូវបានកប់ក្នុងវិហារ Whitefriar Street Carmelite Church ស្ថិតក្នុងក្រុង Dublin ប្រទេសអៀរឡង់ ។ ក្រោយមកគាត់បានក្លាយជានិមិត្តរូបនៃក្តី ស្រឡាញ់ និងដើម្បី រំលឹកដល់វីរៈភាព របស់គាត់ទើបមនុស្សជំនាន់នោះ បានរៀបចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ រហូតដល់សព្វថ្ងៃ ។

ហេតុអ្វីបានជាផ្កា កុលាបពាក់ព័ន្ធជាមួយ ថ្ងៃទិវានៃសេចក្តីស្រឡាញ់ ?

តាមប្រវត្តិនោះ គឺផ្កាកុលាបត្រូវបានចាត់ទុកជាតំណាង នៃក្ដី ស្រលាញ់ចាប់តាំងពីមុនទសវត្សឆ្នាំ ១៧០០ ដោយស្ដេច Charles II នៃ ប្រទេសស៊ុយអែតនាំយកសិល្បៈ នៃផ្កាទៅតំបន់អឺរ៉ុប ។ ផ្កាកុលាបពណ៌ក្រហមត្រូវគេជឿថាជាផ្ការបស់ Venus អាទិទេពនៃក្ដីស្រលាញ់ របស់ចក្រភពរ៉ូមជាតំណាង នៃក្ដីស្រលាញ់ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img