ការប្រតិបត្ដិការក្ដៅគគុក ក្នុងការចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ កំពុងធ្វើឡើង ដែលភាគច្រើនអ្នកឆក់ត្រីខុសច្បាប់គឺជាជនជាតិវៀតណាមតែម្ដង ។
បឹងទន្លេសាប គឺជាប្រភពត្រីដ៏សំខាន់ ដែលពេលកន្លងមក ត្រូវបានជនជាតិវៀតណាមភាគច្រើន ប្រព្រឹត្តបទល្មើសឆក់ត្រីដោយប្រើឧបករណ៍ខុសច្បាប់ ក្នុងការបំផ្លាញនូវធនធានធម្មជាតិក្នុងបឹងទន្លេសាបរបស់កម្ពុជា តែអាជ្ញាធរពាក់ព័ន្ធហាក់ព្រងើយកន្តើយ គ្មានចំណាត់ការអ្វីទាល់តែសោះ ។
ប៉ុន្តែក្រោយមក អ្វីៗចាប់ផ្ដើមប្រសើរឡើងវិញ នៅពេលដែលមានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យមានការបង្ក្រាបនូវបទល្មើសជុំវិញបឹងទន្លេសាប ជាពិសេសការកាប់បំផ្លាញព្រៃឈើ ជាដើម ដែលយោងតាមរបាយការណ៍របស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ។
តាមប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អ្នកដែលប្រព្រឹត្តបទល្មើសឆក់ត្រីខុសច្បាប់ក្នុងបឹងទន្លេសាបភាគច្រើនគឺជាជនជាតិវៀតណាម ហើយពួកគេបានសូកប៉ាន់ទៅឱ្យសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទើបអាចប្រព្រឹត្តបទល្មើសដោយរលូនបែបនេះ ។
ប៉ុន្តែនៅពេលនេះដោយមានការជំរុញ និងអនុវត្តវិធានការយ៉ាងខ្លាំងក្លាពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការចុះផ្ទាល់ តាមដាននិងបង្ក្រាប ទៅលើក្រុមជនជាតិវៀតណាមដែលប្រព្រឹត្តបទល្មើសឆក់ត្រីខុសច្បាប់ទាំងនេះជាប្រចាំនិងឥតស្រាកស្រាន្តឡើយ ។
នាពេលកន្លងមកសមត្ថកិច្ចពាក់ព័ន្ធ ក៏ធ្លាប់បានចាប់ខ្លួន អ្នកប្រព្រឹត្តបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ផងដែរ តែហាក់ដូចជាបានតែមួយភ្លើងចំបើង ប៉ុណ្ណោះ ។
អ្នកដឹងរឿងច្បាស់ បានលើកឡើងថា ជនជាតិវៀតណាម បានមករស់នៅលើទឹកដីកម្ពុជា ហើយបានប្រព្រឹត្តនូវបទល្មើសកម្ទេចត្រីនៅក្នុងបឹងទន្លេសាបដោយប្រើឧបករណ៍ខុសច្បាប់មួយចំនួន ដូចជា អ្នកឆក់ត្រជាក់ (យ៉ាំងកាវ) , ឆក់ក្តៅ , ឈិបយន្ត , ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្រ៤ជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា ។ ចំណែក ឯត្រីតូចៗ ដែលជនជាតិវៀតណាម ប្រើការមិនកើត គឺ យកទៅធ្វើជី ជាដើម ។
ប្រជាពលរដ្ឋទូទៅ សង្ឃឹមថា ប្រតិបត្តិការបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់ នៅបឹងទន្លេសាប នេះ នឹងប្រព្រឹត្តទៅដោយរលូន និង មានប្រសិទ្ធភាពជាទីបំផុត ៕
ដោយ៖ សារព័ត៌មានគីរីដងរែក