24.9 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ចិន ព្រមានសងសឹកអាមេរិករឿងបាឡុង

- Advertisement -spot_img

កាលពីថ្ងៃពុធទី១៥ខែកុម្ភៈ ក្រសួងការបរទេសចិន បានព្រមានពីវិធានការសងសឹក ដើម្បីដាក់ទណ្ឌកម្មអង្គភាពអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនប្រតិកម្មហួសហេតុពេក ចំពោះបាឡុងចិននៅក្នុងដែនអាកាសអាមេរិក ដោយការបាញ់ទម្លាក់ និងដាក់ទណ្ឌកម្មលើចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា “សហរដ្ឋអាមេរិក បានបំពានកម្លាំង ប្រតិកម្មហួសហេតុ ធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ហើយបានយករឿងនេះជាលេសដើម្បីដាក់ទណ្ឌកម្មដោយខុសច្បាប់ចំពោះក្រុមហ៊ុន និងស្ថាប័នរបស់ចិន។ ចិនសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងនេះ ហើយនឹងចាត់វិធានការប្រឆាំងអង្គភាពពាក់ព័ន្ធរបស់អាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខរបស់ចិន ស្របតាមច្បាប់”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Wang មិនបានផ្តល់ព័ត៌មានជាក់លាក់អំពី វិធានការសងសឹកអ្វីដែលត្រូវបានគ្រោងទុកនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbinលោកបានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ដាក់បន្ថែមអង្គភាពរបស់ចិនចំនួន៦ ដែលមានទំនាក់ទំនងទៅនឹងកម្មវិធីបាឡុងរបស់ចិន ចូលទៅក្នុងបញ្ជីខ្មៅនាំចេញ។

មន្ត្រីចិនអះអាងថា បាឡុងដែលហោះឆ្លងកាត់តំបន់អាមេរិកខាងជើងកាលពីដើមខែនេះ គឺជាយានអាកាសស៊ីវិលគ្មានមនុស្សបើក ដែលហោះវង្វេងផ្លូវ ហើយបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកដោយអចេតនា។

យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកមួយគ្រឿងបានបាញ់ទម្លាក់បាឡុងកាលពីថ្ងៃទី ៤ខែកុម្ភៈ នៅឆ្នេរនៃរដ្ឋ South Carolina។ ប៉ុន្មានថ្ងៃក្រោយមក រដ្ឋបាលរបស់លោកប្រធានាធិបតី បៃដិន បានអះអាងថា ការហោះហើរនេះ គឺជាផ្នែកមួយនៃកម្មវិធីចារកម្មរបស់ចិន ដែលបានកំណត់គោលដៅលើប្រទេសជាង៤០ឯណោះ។

យ៉ាងណាក្តី រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់ទាំងនោះ ហើយបានតបតវិញថា អាមេរិកតែងតែបញ្ជូនបាឡុងចារកម្មឆ្លងកាត់ប្រទេសចិន។ លោក Wang និយាយថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហោះបាឡុងកម្ពស់ខ្ពស់លើដែនអាកាសចិនច្រើនជាង១០ដង ចាប់តាំងពីខែឧសភាឆ្នាំ២០២២មក រួមទាំងការហោះហើរពីលើតំបន់ ស៊ីនជាំង និងទីបេ ផងដែរ៕

ប្រភព Bloomberg.com ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img