កងទ័ពអាកាសរបស់ប្រទេសចិនបានឲ្យដឹងថា យន្តហោះដឹកប្រេងប្រភេទថ្មីរបស់ខ្លួនបានធ្វើប្រតិបត្តិការចាក់ប្រេង អំឡុងពេលល្បាតតាមអាកាសរួមគ្នាជាមួយរុស្ស៊ីកាលពីខែឧសភា ។
មន្ត្រីទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជនបានប្រាប់អ្នកយកព័ត៌មានថា យន្តហោះដឹកប្រេងប្រភេទ YU-20 ត្រូវបានដាក់ពង្រាយទៅល្បាតលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ដើម្បីចាក់សាំងឲ្យយន្តហោះចម្បាំង J-16 របស់ចិន ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា YU-20 គឺជាយន្តហោះដឹកប្រេងជំនាន់ក្រោយបំផុត ហើយនឹងជួយពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសក្នុងការបើកប្រតិបត្តិការរយៈចម្ងាយឆ្ងាយ ។
ទន្ទឹមនោះលោក Ohara Bonji អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមូលនិធិសន្តិភាព Sasakawa របស់ជប៉ុនបាននិយាយថា យន្តហោះចម្បាំងរបស់ចិនប្រភេទថ្មីនេះ នឹងអាចហោះហើរបានរយៈចម្ងាយឆ្ងាយ និងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ធំៗទាំងអស់ ។
អតីតមន្ត្រីកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុនរូបនេះបានព្រមានទៀតថា សកម្មភាពរបស់ចិនអាចបង្កការគំរាមកំហែងមិនត្រឹមតែចំពោះតៃវ៉ាន់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីផ្សេងទៀតផងដែរ ៕



ប្រភព NHK WORLD ប្រែសម្រួលដោយគិរីដងរែក




