ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃទី ១២ ខែធ្នូ បន្ទាប់ពីកិច្ចប្រជុំកំណត់របៀបវារៈ របស់មេដឹកនាំកំពូលថា ប្រទេសចិននឹង បង្កើនការកែសម្រួលគោលនយោបាយ ដើម្បី គាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅ ឆ្នាំ2024។ វិនិយោគិនកំពុងឃ្លាំមើលយ៉ាងជិតដល់នូវតម្រុយអំពីគោលនយោបាយ និង របៀបវារៈកំណែទម្រង់ នៅឆ្នាំក្រោយ ខណៈ ទីក្រុងប៉េកាំងបាននិងកំពុងតស៊ូដើម្បីជំរុញ ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយការ រាតត្បាតនៃជំងឺ ចំពេលមានវិបត្តិលំនៅដ្ឋានកាន់តែស៊ីជម្រៅ និងបំណុលរដ្ឋាភិបាលក្នុង តំបន់ កើនឡើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ប្រទេសចិននឹងផ្តោតលើការជំរុញ តម្រូវការប្រកបដោយប្រសិទ្ធភាព នៅឆ្នាំក្រោយ និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បី ពង្រីកតម្រូវការក្នុងស្រុក។ ដើម្បីលើកកម្ពស់ ការងើបឡើងវិញសេដ្ឋកិច្ចបន្ថែមទៀត យើងត្រូវជម្នះការលំបាក និងបញ្ហាប្រឈមមួយចំនួន។ បញ្ហាចម្បង គឺតម្រូវការមិនមាន ប្រសិទ្ធភាព ភាពលើសចំណុះនៅក្នុង ឧស្សាហកម្មមួយចំនួន ការរំពឹងទុកជាសាធារណៈខ្សោយ និងហានិភ័យលាក់កំបាំងជាច្រើន។
ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវគោល នយោបាយសារពើពន្ធសកម្ម និងគោល នយោបាយរូបិយវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន នៅឆ្នាំក្រោយ។ ការិយាល័យ នយោបាយ បាននិយាយកាលពីថ្ងៃសុក្រថា គោលនយោបាយសារពើពន្ធ នឹងត្រូវបាន ពង្រឹងកម្រិតមធ្យម ហើយនឹងមានភាពបត់បែន មធ្យម ច្បាស់លាស់ និងមានប្រសិទ្ធភាព ដើម្បីជួយជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយ ថា អាជ្ញាធរនឹងលើកកម្ពស់ការងើបឡើងវិញ នៃសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់លើការពង្រីក គុណភាពខ្ពស់ជាងមុន។ មុនពេលកិច្ចប្រជុំ ទីប្រឹក្សារដ្ឋាភិបាលបានប្រាប់រ៉យទ័រថា ពួកគេ នឹងណែនាំទិសដៅកំណើនសេដ្ឋកិច្ចសម្រាប់ ឆ្នាំ2024 ចាប់ពី 4.5% ទៅ 5.5% ដោយភាគច្រើនពេញចិត្តនឹងគោលដៅ ប្រហែល 5% ដូចគ្នានឹងឆ្នាំនេះ។ កំណើនសេដ្ឋកិច្ច ប្រទេសចិនត្រូវបានគេមើលឃើញថា នឹង ឈានដល់គោលដៅរបស់រដ្ឋាភិបាលក្នុងរង្វង់ ៥% នៅឆ្នាំនេះ។

កាលពីសប្ដាហ៍មុន ទីភ្នាក់ងារវាយតម្លៃ Moody’s បាននិយាយថា ការចំណាយ ដើម្បីធានាពីរដ្ឋាភិបាលក្នុងស្រុក និងក្រុមហ៊ុនរដ្ឋដែលជំពាក់បំណុលគេ និងការគ្រប់គ្រងវិបត្តិអចលនទ្រព្យរបស់ខ្លួន នឹងថ្លឹងថ្លែងលើទស្សនវិស័យកំណើន។ មេដឹកនាំកំពូលក៏បានសន្យាថា “នឹងជួយ សម្រួលដល់ស្ថិរភាព តាមរយៈវឌ្ឍនភាព” ដែលជាសញ្ញានៃការសង្កត់ធ្ងន់លើកំណើន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ប្រទេស ចិនគ្រោងនឹងអនុវត្តការកាត់ពន្ធតាមរចនាសម្ព័ន្ធ និងកម្រៃសេវា ហើយសម្លឹងមើលជុំថ្មីនៃ កំណែទម្រង់សារពើពន្ធ និងពន្ធ។ ប្រទេស ចិននឹងពន្លឿនការបង្កើតគំរូថ្មី នៃការអភិវឌ្ឍ អចលនទ្រព្យ ការពន្លឿនការសាងសង់លំនៅ ឋានដែលមានតម្លៃសមរម្យ និងសម្របសម្រួលការដោះស្រាយហានិភ័យបំណុល ក្នុងស្រុក និងការអភិវឌ្ឍប្រកបដោយស្ថិរភាព៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




