ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅជុំវិញតៃវ៉ាន់ ដោយនិយាយថា វាគឺជាការព្រមានម៉ឺងម៉ាត់មួយ ចំពោះកម្លាំងចង់បំបែករដ្ឋនៅដែនកោះនេះ បន្ទាប់ពីមេដឹកនាំរងរបស់តៃវ៉ាន់គឺ លោក វីលៀម ឡៃ (William Lai) បានបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក។
តាមពិតទៅ ជាផ្លូវការ លោក ឡៃ បានឆ្លៀតចូលទស្សនកិច្ចតែ មួយភ្លែតប៉ុណ្ណោះ នៅទីក្រុងញូយ៉កនិងទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូរបស់អាមេរិក ក្នុងឱកាសដែលរូបលោកធ្វើដំណើរទៅនិងមកពីប្រទេសប៉ារ៉ាហ្កាយ។
ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ខណៈសហរដ្ឋអាមេរិក ដែលពុំមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក៏ដោយនោះ គឺជាខ្នងបង្អែកអន្តរជាតិដ៏រឹងមាំបំផុតរបស់តៃវ៉ាន់ ហើយមានកាតព្វកិច្ចតាមផ្លូវច្បាប់ ដើម្បីជួយផ្តល់មធ្យោបាយឱ្យដែនកោះនេះការពារខ្លួនឯង។ ប្រមាណជា៣ឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនការដាក់សម្ពាធយោធាជាខ្លាំងលើតៃវ៉ាន់ តាមរយៈការចល័តយន្តហោះនិងនាវាយោធា ឱ្យ ទៅក្បែរដែនកោះនេះ។ កាលពីខែមេសា ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញតៃវ៉ាន់ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានត្រឡប់មកពីរដ្ឋ California ជាទីដែលលោកស្រីបានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី អំលុងពេលឆ្លៀតចូលទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅតាមផ្លូវមកពីបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាលវិញ៕



ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក