33 C
Phnom Penh
Saturday, July 26, 2025
- Advertisement -spot_img

ចាងហ្វាងកាសែតនៅហុងកុង លោក ជីមី ឡៃ ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងបន្លំ

- Advertisement -spot_img

ហុងកុង៖អ្នកដែលធ្លាប់តែងតែបោះពុម្ពផ្សាយកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង លោក ជីមី ឡៃ កាលពីថ្ងៃអង្គារត្រូវបានរកឃើញថាលោកពិតជាមានពិរុទ្ធភាពពីបទក្លែងបន្លំចំនួនពីរដង ទាក់ទងនឹងការរំលោភលើកិច្ចសន្យាជួល។ នេះគឺជាការកាត់ទោសចុងក្រោយបង្អស់។

លោក ជីមី ឡៃ ត្រូវបានចាប់ខ្លួនកាលពីអំឡុងពេលអាជ្ញាធរចុះបង្រ្កាបលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីមានការតវ៉ាកំពុងរីករាលដាលខ្លាំងនៅទីក្រុងហុងកុង ឆ្នាំ២០១៩ ក្រោមក្របខ័ណ្ឌច្បាប់សន្តិសុខជាតិដែលបានដាក់ចេញដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ រហូតមកទល់បច្ចុប្បន្ន សកម្មជនរូបនេះបាននឹងកំពុងជាប់ពន្ធនាគារអស់រយៈពេល ២០ ខែរួចមកហើយ ក្រោមបទចោទការជួបជុំដោយគ្មានការអនុញ្ញាត។

គួរដឹងដែរថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោកឡៃ ដែលមានឈ្មោះថា Next Digital បានបោះពុម្ពផ្សាយកាសែត Apple Daily ដែលជាកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យចុងក្រោយបង្អស់ដែលមានវត្តមាននៅទីក្រុងហុងកុង។ ដោយអនុលោមតាមច្បាប់សន្តិសុខជាតិ លោក ឡៃ ត្រូប្រឈមមុខនឹងការចោទប្រកាន់ពីបទឃុបឃិតគ្នា និងបទបង្កចលាចលក្នុងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃអង្គារ អតីតសហការីរបស់លោក គឺលោក វ៉ង វ៉ាយ ខឹង (Wong Wai-keung) ក៏ត្រូវបានកាត់ទោសពីបទក្លែងបន្លំផងដែរ។

លោក ឡៃ និងអតីតនាយកប្រតិបត្តិពីរនាក់ទៀតនៅក្នុងក្រុមហ៊ុនរបស់លោក ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ ដោយបានដាក់ជួលមួយផ្នែកនៃការិយាល័យទៅឱ្យក្រុមហ៊ុនលេខាធិការមួយដែលគ្រប់គ្រងដោយ លោក ឡៃ ដដែល នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។ ទង្វើនេះត្រូវបានចោទប្រកាន់ថាបានរំលោភលើកិច្ចសន្យាជួលជាមួយក្រុមហ៊ុនសាជីវកម្ម ឧទ្យានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រហុងកុង។ បទចោទក្លែងបន្លំទីពីរគឺការអនុញ្ញាតឱ្យក្រុមហ៊ុន Next Digital ប្រើប្រាស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដោយបានរំលោភលើកិច្ចសន្យាជួលចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៥។

លោកចៅក្រមប្រចាំតុលាការតំបន់ស្តែនលី (Stanely) លោក ចាន់ ខ្វង ឈី (Chan Kwong-chi) បានលើកឡើងថា៖« អាជីវកម្មរបស់ក្រុមហ៊ុនរបស់លោក ឡៃ មិនបានអនុវត្តតាមប្រការដែលមានចែងក្នុងកិច្ចសន្យាជួលនោះទេ ហើយក៏បានសម្រេចថាលោក ឡៃ បានលាក់បាំងការពិតនូវសកម្មភាពក្រុមហ៊ុនរបស់ខ្លួនដែលកំពុងប្រតិបត្តិនៅក្នុងអាគារ»។ ចៅក្រមរូបនេះក៏បានលើកឡើងផងដែរថា លោកមិនជឿថាលោក ឡៃ មិនបានដឹងនូវសកម្មភាពអាជីវកម្មរបស់ខ្លួនដែលកំពុងមាននៅក្នុងការិយាល័យនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីដើមឆ្នាំ លោក រ៉ូយស្តូន ឆូវ (Royston Chow) ដែលជាអតីតនាយកប្រតិបត្តិម្នាក់ផងដែរ យល់ព្រមធ្វើសាក្សីផ្ដល់ចម្លើយដាក់បន្ទុកលើលោក ឡៃ និងលោក វ៉ង ដើម្បីអាចជួយឱ្យព្រះរាជអាជ្ញាមានមូលដ្ឋានក្នុងការកាត់ក្ដីអ្នកទាំងពីរឱ្យបានដាច់ស្រេច ជាថ្នូរនឹងការលើកលែងពីការទទួលខុសត្រូវព្រហ្មទណ្ឌ។

យ៉ាងណាក៏ដោយ មេធាវីរបស់លោក ឡៃ បាននឹងកំពុងស្នើឱ្យអង្គការសហប្រជាជាតិបើការស៊ើបអង្កេតការជាប់ពន្ធនាគាររបស់កូនក្ដីខ្លួន ហើយលោកក៏បានយល់ឃើញថា បទឧក្រិដ្ឋដែលបានចោទប្រកាន់ជាច្រើន គឺជាការបៀតបៀនផ្លូវច្បាប់ ដើម្បីដាក់ទោសចំពោះការហ៊ាននិយាយប្រឆាំងអំណាច់ផ្តាច់ការ។

ចាប់តាំងពីច្បាប់សន្តិសុខជាតិនេះត្រូវបានប្រកាស់ឱ្យអនុវត្តមក ព្រះរាជអាជ្ញាបានប្រើប្រាស់ច្បាប់នេះដើម្បីបំបិទសំឡេងប្រឆាំងជាច្រើនរួមមាន ការហាមមិនឱ្យទះដៃក្នុងបរិវេណតុលាការ កាត់ទោសអ្នកជំរុញសេរីភាពបញ្ចេញមតិ ចំនួនប្រាំនាក់ឱ្យជាប់ពន្ធនាគារជិតពីរឆ្នាំពីបទបោះពុម្ពផ្សាយសៀវភៅកុមារ ដែលព្រះរាជអាជ្ញាបានចាត់ទុកថាជាការបំបះបំបោរ។ លើសពីនេះ មេដឹកនាំវិហារកាតូលិក វ័យ ៩០ ឆ្នាំម្នាក់ និងប្រាំនាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទប្រមូលមូលនិធិសម្រាប់ការពារមនុស្សដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទីក្រុងហុងកុង កាលពីបីឆ្នាំមុន។ ជាលទ្ធផល ពលរដ្ឋជាច្រើនបានមានការព្រួយបារម្ភពីសិទ្ធិសេរីភាពរបស់ពួកគេដែលកំពុងធ្លាក់ចុះខ្លាំង ដោយបាននាំគ្នាផ្លាស់ប្ដូរទីលំនៅទៅរស់នៅឯបរទេសជាច្រើននាក់ផងដែរ។

រីឯ កំណែទម្រង់ការបោះឆ្នោតវិញ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចម្រាញ់យកតែអ្នកដែលចាត់ទុកថាជា «អ្នកស្នេហាជាតិ» ប៉ុណ្ណោះ ឱ្យនៅបម្រើការងារនៅក្នុងសភានីតិបញ្ញត្តិក្នុងទីក្រុងហុងកុង។ ជាក់ស្ដែង លោក ចន លី (John Lee) ដែលជាមន្ត្រីសន្តិសុខអាជីពម្នាក់ ត្រូវបានតែងតាំងជាប្រធានប្រតិបត្តិថ្មីរបស់ទីក្រុងមួយនេះ។

ដោយឡែក ក៏មានបុរសជនជាតិចិនដីគោកម្នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាបានបង្ហោះផ្លាកសញ្ញាចំនួនបីដែលមានអត្ថន័យញុះញង់បង្កឱ្យមានភាពចលាចលសង្គម នៅតំបន់តវ៉ានៃអគារនីតិបញ្ញត្តិ កាលពីថ្ងៃទី១៥ ខែតុលា ដែលការបង្ហោះនេះកើតមានឡើងមុនពេលសមាជបក្សកុម្មុយនីស្តចិនចាប់ផ្តើមមួយថ្ងៃ។

លោក ឡូ យិន ឡាម (Lo Yin-lam) ប្រធានអធិការសណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់កោះហុងកុង បានលើកឡើងថា៖« ពាក្យមួយចំនួននៅលើផ្ទាំងរូបភាពទាំងនោះ បាននិយាយអំពីការរឹតបន្តឹងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ គឺមានបំណងញុះញង់អ្នកដទៃឱ្យស្អប់ ឬមើលងាយរដ្ឋាភិបាលកណ្តាល ឬមេដឹកនាំនៃរដ្ឋាភិបាលកណ្តាល»។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតអំពីពាក្យដែលបានប្រើនៅលើផ្ទាំងនោះទេ។

កាសែតក្នុងស្រុក មីង ប៉ាវ (Ming Pao) បានឱ្យដឹងថា ខ្លឹមសារនៃផ្ទាំងរូបភាពត្រូវបានផ្សារភ្ជាប់ទៅនឹងការតវ៉ានៅស្ពាន ស៊ីថុង (Sitong) ស្ថិតនៅទីក្រុងប៉េកាំង ជាកន្លែងដែលមានពលរដ្ឋម្នាក់បានព្យួរបដាមុនថ្ងៃសមាជបក្សចាប់ផ្ដើម អំពាវនាវឱ្យមានសេរីភាព និងមិនមានការបង្ខាំងអំឡុងពេលកូវីដ១៩។

ប៉ូលិសសន្តិសុខជាតិហុងកុងក៏ធ្លាប់បានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាពភេរវកម្ម។ ដោយបាននិយាយថា យោងតាមការស៊ើបអង្កេត បុរសអាយុ ២២ ឆ្នាំរូបនេះ មានទំនាក់ទំនងជាមួយអង្គការឧក្រិដ្ឋកម្មក្នុងស្រុកមួយចំនួន ហើយត្រូវបានចោទប្រកាន់ពីបទផ្តល់ជំនួយហិរញ្ញវត្ថុដល់ក្រុមដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងផែនការបំផ្ទុះគ្រាប់បែក និងសកម្មភាពភេរវករផ្សេងទៀត៕

ប្រភព The Diplomat ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img