ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងផ្នែកការងារសន្តិសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការជាមួយនឹងមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា និងកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការបង្ក្រាបករណីលក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ នៅចំណុចមុខរបងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតលើចិញ្ចើមផ្លូវ២៧១ ជិតកែងផ្លូវលេខ១៨៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានឃា.ត់ខ្លួនស្ត្រីម្នាក់ ឈ្មោះសុខ ស្រីម៉ៅ ភេទស្រី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
វត្ថុតាងដកហូត៖ ទូរស័ព្ទដៃសម្រាប់អាកធីវ លេខទូរស័ព្ទ ពណ៌ស ម៉ាកសាប ស៊ីមកាតចំនួន ៣ប្រព័ន្ធ សរុប ២៤៧ស៊ីមការ (ស៊ីមស្មាត ចំនួន១១៣ស៊ីមកាត មែតហ្វូន ចំនួន៥៩ស៊ីមកាត សែលកាត ចំនួន៧៥ស៊ីមកាត) សៀវភៅកត់ទិន្នន័យលក់ស៊ីមកាត តាងរាងបញ្ចីរាយលេខទូរស័ព្ទ។
សមត្ថកិច្ចធ្វើការសួរនាំ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានលក់ស៊ីមទូរស័ព្ទ ទៅឱ្យប្រជាពលរដ្ឋដោយពុំបានយកអត្តសញ្ញាណប័ណ្ណពិតប្រាកដមែន ដោយលក់ឱ្យម្ចាស់ឈ្មោះ ប្រសើរ (ស្គាល់មិនច្បាស់)។ បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕
ដោយគីរីដងរែក