បាងកក៖ ក្រសួងយុត្តិធម៌ថៃនឹងផ្តល់សំណងរហូតដល់ ១១ម៉ឺនបាត ឬ ជិត៣,០០០ដុល្លារអាមេរិក សម្រាប់ដល់គ្រួសារជនរងគ្រោះ នីមួយៗ នៃអ្នកស្លាប់៣៨នាក់ អំឡុងការសម្លាប់រង្គាល កាលពីថ្ងៃព្រហស្បតិ៍នៅខេត្ត ណងប៊ូ ឡាំភូ (Nong Bua Lamphu)។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យមន្ត្រីមកពីការិយាល័យយុត្តិធម៌ខេត្តឦសាន ចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ។
លោក Somsak បាននិយាយថា នៅក្រោមច្បាប់សំណងជនរងគ្រោះដោយឧក្រិដ្ឋកម្ម គ្រួសារនៃអ្នកស្លាប់នៅក្នុងការសម្លាប់រង្គាលមានសិទ្ធិទទួលបានសំណងរហូតដល់ ១១ម៉ឺនបាត ក្នុងម្នាក់ៗ។
ចំនួនទឹកប្រាក់នេះរួមមាន សម្រាប់មរណភាព, សម្រាប់ពិធីបុណ្យសព និង សម្រាប់ការបាត់បង់ប្រាក់ចំណូលគ្រួសារ។ អ្នករងរបួសក្នុងការវាយប្រហារមានសិទ្ធិទទួលបានសំណងអតិបរមា ៤ម៉ឺន បាតសម្រាប់ការព្យាបាលវេជ្ជសាស្រ្ត និងរហូតដល់ ២ម៉ឺន បាតសម្រាប់ថ្លៃស្តារផ្លូវចិត្ត និងរាងកាយ។
ពួកគេក៏នឹងទទួលបានសំណងសម្រាប់ការបាត់បង់ប្រាក់ចំណូលនៅប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក្នុងស្រុកចំនួន៣១៥ បាត ក៏ដូចជារហូតដល់ ៥ម៉ឺន បាតសម្រាប់ការខូចខាតផ្សេងទៀត។
លោក Somsak បាននិយាយថា លោកបានបញ្ជាឲ្យមន្ត្រីអនុម័ត និងទូទាត់សំណងនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន៕
ដោយគីរីដងរែក




