លោក Alexandre Polking គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ ត្រូវបានផ្ដល់ភារកិច្ចបន្ថែមមួយទៀត គឺដឹកនាំក្រុម U23 ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម ខែឧសភា ខាងមុខ។
អ្នកស្រី Nualphan Lamsam អ្នកចាត់ការទូទៅជម្រើសជាតិថៃ ជាអ្នកសម្រេចចិត្ត និងត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា នេះ។
ចែករំលែកជាមួយសារព័ត៌មាន Siam Sports អ្នកស្រី Lamsam ថ្លែងថា “៖ការសម្រេចចិត្តនេះធ្វើឡើងយឺតបន្តិច ប៉ុន្តែខ្ញុំប្រាកដណាស់។ អ្នកគាំទ្រកំពុងសម្លឹងឆ្ពោះទៅស៊ីហ្គេម២០២១នៅវៀតណាម ក្រោយជោគជ័យនៅ AFF Cup និងការមានកៅអីទៅ AFC U23។”
ម្ចាស់ក្លិប Port FC ដដែលបង្ហើបថា ក៏មានគម្រោងកោះហៅកីឡាករលើសអាយុចូលរួមជួយក្រុមផងដែរ។
ក្នុងស៊ីហ្គេម ឆ្នាំនេះ ថៃស្ថិតក្នុងពូល B មានម៉ាឡេស៊ី, កម្ពុជា, សិង្ហបុរី និងឡាវ៕
ដោយគីរីដងរែក