គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវ (BRI) បានដើរលើផ្លូវដ៏វែងឆ្ងាយក្នុងការរួមចំណែកជាវិជ្ជមានដល់ប្រទេសជាច្រើនចាប់តាំងពីការ បង្កើតឡើងក្នុងឆ្នាំ២០១៣ មក។
រហូតមកដល់ពេលនេះ គំនិតផ្តួចផ្តើមនេះបានប្រតិបត្តិនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាស៊ីកណ្តាល អាស៊ីខាងលិច អាហ្វ្រិកខាងជើង ព្រមទាំងអឺរ៉ុបកណ្តាល និងខាងកើត ដែលមានទឹកដីរួមបញ្ចូលគ្នានៃតំបន់ទាំងនោះមានច្រើនជាងមួយភាគបីនៃចំនួនសរុបរបស់ពិភពលោក ប្រជាជនប្រហែល ៦០% និងផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៣២%។
គំនិតផ្តួចផ្តើមនេះក៏បានជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំផងដែរ។ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសជាច្រើនផ្សេង ទៀតនៃគំនិតផ្តួចផ្តើម BRI ស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនៃវិញ្ញាបនបត្រសិក្សា និងសញ្ញាបត្រនៅក្នុងថ្នាក់ឧត្តមសិក្សា ហើយសាកលវិទ្យាល័យជាង ៦០ របស់ចិនបានចាប់ផ្តើមកម្មវិធីសិក្សាក្នុងភាពជាដៃគូជាមួយស្ថាប័នក្នុងស្រុកនៅក្នុងបណ្តាប្រទេសនៃគំនិតផ្តួចផ្តើម BRI។
ប្រសិនបើយើងទម្លាយលទ្ធផលនៃគំនិតផ្តួចផ្តើមនេះ យើងអាចមើលឃើញថា គម្រោងធំៗក្រោមគំនិតផ្តួចផ្តើម BRI បានជំរុញសេដ្ឋកិច្ចយ៉ាងខ្លាំង និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់នៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក។
ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅប្រទេសចិន លោក Moinul Haque បាននិយាយថា គំនិតផ្តួចផ្តើម BRI បានផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន។ លោក បាន លើក ឡើង ថា គំនិតផ្តួចផ្តើម BRI នៅ ច្រករបៀង សេដ្ឋកិច្ច ចិន-ប៉ាគីស្ថាន បាន បង្កើត ការងារ ប្រហែល ៧០ ០០០កន្លែងនៅ ប៉ាគីស្ថាន។ គំនិតផ្តួចផ្តើម BRI បានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនប៉ាគីស្ថានតាមរយៈការបង្កើតការងារ ការកែលម្អជីវភាពរស់នៅ ការលុបបំបាត់ភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវតំបន់ដាច់ស្រយាល។
គំនិតផ្តួចផ្តើម BRI ធំៗនៅក្នុងប្រទេសកម្ពុជា រួមមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងការផ្គត់ផ្គង់ទឹកដល់តំបន់ជនបទ។ ការងារជាង ៣ ០០០កន្លែងត្រូវបានបង្កើតឡើងសម្រាប់ប្រជាជនកម្ពុជាក្នុងអំឡុងពេលសាងសង់គម្រោងទាំងនោះ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា គំនិតផ្តួចផ្តើម BRI នឹងជួយដល់ប្រទេសកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ហើយវានឹងក្លាយជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងយុគសម័យក្រោយជំងឺរាតត្បាតផងដែរ៕


ដោយគីរីដងរែក




