កាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកា លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានព្រមានថា សហរដ្ឋអាមេរិកចង់ធ្វើឲ្យរុស្ស៊ីចុះខ្សោយ ហើយកំពុងប្រើប្រាស់អ៊ុយក្រែនជា “ឧបករណ៍បុកទម្លាយ” ដើម្បីសម្រេចបាននូវគោលដៅនោះ។
ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនប្រកាសថា រុស្ស៊ីជាប្រភពនៃអស្ថិរភាពនោះ អាមេរិកក៏ជំរុញឲ្យមានសម្ព័ន្ធភាពប្រឆាំងរុស្ស៊ី បង្កើនកម្លាំងយោធា ពង្រាយកងកម្លាំងណាតូនៅតាមព្រំដែនរុស្ស៊ីផងដែរ។ នេះបើតាមសម្តីលោក Nikolay Patrushev ក្នុងកិច្ចប្រជុំស្តីពីសន្តិសុខក្នុងស្រុករបស់រុស្ស៊ីនៅទីក្រុង Bryansk។
លោក Patrushev បន្ថែមថា “របបអាយ៉ងក្រុងកៀវ ដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ គាំទ្រដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត ត្រូវបានគេប្រើប្រាស់ជាឧបករណ៍បុកទម្លាយប្រឆាំងនឹងរុស្ស៊ី។ គោលដៅរបស់សហរដ្ឋអាមេរិក គឺធ្វើឲ្យរុស្ស៊ីចុះខ្សោយ បំបែកបំបាក់ និងចុងក្រោយបំផ្លាញជាតិរបស់យើងតែម្តង”។
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក Nikolay Patrushev
មន្ត្រីដដែលបានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចបាននូវគោលដៅអាត្មានិយមរបស់ខ្លួន ហើយកំពុងជំរុញពិភពលោកឲ្យឆ្ពោះទៅរកសង្រ្គាមជាសកល តាមរយៈគោលនយោបាយដែលដាក់ប្រទេសដទៃប្រឆាំងនឹងគ្នាទៅវិញទៅមក៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក




