អាការក្តៅខ្លួន ឧស្សាហ៍កើតលើកុមារតូចៗណាស់ដែលបណ្តាលឱ្យសីតុណ្ហភាព រាងកាយក្មេងឡើង កម្ដៅ ដល់ ៣៨ អង្សាសេ ឬលើសពីនេះ។ ពេលកូនតូចក្តៅខ្លួន ម៉ាក់ប៉ាតែងតែចង់ឱ្យកូនឆាប់ថយកម្តៅព្រោះខ្លាច កូនប្រកាច់ ឬមាន ផល ប៉ះពាល់ ខួរក្បាល។ យ៉ាងណាមិញ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ា មួយចំនួនបែរជាអាចសាងកំហុសដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះ ហើយមានផលប៉ះពាល់បែបណាខ្លះ?
១. ជូតខ្លួនឱ្យកូនជាមួយទឹកត្រជាក់ ឬទឹកកក
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ បាន ឱ្យដឹងថា ការយកទឹកកកទៅជូតឱ្យកូនក្នុងបំណងឱ្យ សីតុណ្ហភាព ខ្លួនកូនចុះត្រជាក់ លឿន គឺ គ្រោះថ្នាក់ណាស់ ព្រោះថាអាចធ្វើឱ្យកូនប្រកាច់។ ពេលកូនក្តៅខ្លួនខ្លាំង អាចឡើងដល់ ៣៩ អង្សាសេ ហើយទឹកកកគឺ ០ អង្សាសេ ប្រៀបដូចជាយើងយកដែកដែល ដុតក្តៅទៅជ្រលក់ទឹកអញ្ចឹងដែរ ។
ម៉ាក់ប៉ាអាចយកទឹកក្តៅ ឧណ្ហៗ មានសីតុណ្ហភាពរង្វង់ ៣០ អង្សាសេ (ត្រូវទាបជាងកម្ដៅខ្លួនកូន) មកជូតខ្លួនឱ្យកូន ដើម្បីចៀសវាងធ្វើ ឱ្យកូនស្រៀវ ឬព្រឺរងា ព្រោះពេលក្តៅខ្លួន កូនចាញ់រងា។ លោកថាការជូតខ្លួនកូន ជាមួយទឹកក្ដៅឧណ្ហៗ ល្អជាងការជូន ខ្លួនជាមួយ ទឹកត្រជាក់ធម្មតា ។
២. មិនហ៊ានងូតទឹកឱ្យកូនព្រោះខ្លាចទឹកចូលសួត
លោកវេជ្ជបណ្ឌិតបានបន្តថា សួតរបស់យើងមិនអាចទឹកចូលដោយសារ ងូតទឹកទេ ហើយការ មាន ទឹក ក្នុងសួត បានន័យក្មេងរលាកសួតព្រោះមេរោគ ចូលក្នុងសួត។
លោក បន្ត ថា គ្រូពេទ្យហាមមិនឱ្យងូតទឹកឱ្យកូនពេលក្តៅខ្លួនដោយសារ ពេលងូតទឹកត្រជាក់អាចបណ្តាលឱ្យកូនរងា ដែលអាចធ្វើឱ្យកូនប្រកាច់ បើកូនក្តៅខ្លួនខ្លាំង។ យ៉ាងណាលោកថាម៉ាក់ប៉ាអាចងូតទឹកក្តៅ ឧណ្ហៗឱ្យកូនបាន ដើម្បីជួយបញ្ចុះកម្ដៅក្នុងខ្លួនកូន។
៣. ស្លៀកពាក់ឱ្យកូនច្រើនជាន់ ឬដណ្តប់ភួយឱ្យកូន
ពេលកុមារក្តៅខ្លួន តែងតែក្តៅផង រងាផងដោយសារតែភាពខុសគ្នាខ្លាំង រវាងសីតុណ្ហភាព ក្នុង រាងកាយ និងបរិយាកាសខាងក្រៅ។ នៅពេលដែលសីតុណ្ហភាពរាងកាយរបស់យើង ឡើងកម្តៅខ្ពស់ ជាងធម្មតា យើងនឹងមានអារម្មណ៍ថាខ្យល់នៅជុំវិញខ្លួនយើងត្រជាក់ជាងធម្មតា។ ពេលនោះ សាច់ដុំ យើង នឹងកន្រ្តាក់ និងរលាយ៉ាងលឿនដើម្បីផលិតកម្តៅបន្ថែម ឱ្យរាងកាយ ដែលបណ្តាល ឱ្យ យើង ញាក់។
ទាក់ទង នឹង ករណីនេះវិញ លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺ ទូទៅ និងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខបានឱ្យដឹងថាក្មេងក្តៅខ្លួនចាញ់រងារណាស់ចង់តែដណ្តប់ភួយ តែម៉ាក់ប៉ា មិនត្រូវធ្វើបែបនោះ ឡើយ ហើយក៏មិនត្រូវស្លៀកពាក់ឱ្យកូនក្រាស់ៗ ឬ ច្រើនជាន់ដែរ ព្រោះថាការធ្វើ បែបនេះអាចធ្វើឱ្យកូនរឹតតែក្តៅខ្លួនទៅវិញ។
ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំបញ្ចុះកម្ដៅ និងបន្តតាមដានអាការៈកូន ក្នុងករណីកូនញ៉ាំថ្នាំហើយ សីតុណ្ហភាពចុះត្រជាក់ តែមួយរយៈខ្លីហើយបន្តក្ដៅខ្លួនវិញ នោះប៉ាម៉ាក់គួរតែនាំកូនទៅជួបពេទ្យដើម្បីធ្វើរោគ វិនិច្ឆ័យ ឲ្យបានត្រឹមត្រូវ ៕
ដោយគីរីដងរែក