(ឡុងដ៍)៖ ខ្សែការពារក្លិប Arsenal កីឡាករ William Saliba បានប្តេជ្ញាបន្តអនាគតរូបគេជាមួយក្លិប តាមរយៈការបន្តចុះកិច្ចសន្យាថ្មី រយៈពេល ៤ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។
កីឡាករសញ្ជាតបារាំង មានវ័យ ២២ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបកាំភ្លើងធំ ក្នុងឆ្នាំ២០១៩ មុនពេលត្រូវបានបញ្ជូនត្រឡប់ទៅលេងឲ្យក្លិបបារាំង Saint-Etienne វិញលើកិច្ចសន្យាខ្ចីជើង ហើយរូបគេក៏បានលេងជាមួយនឹងការលេងជាបណ្តោះអាសន្ននៅឯក្លិប Nice និងក្លិប Marseille ដែលលេងនៅលីគបារាំង Ligue 1 ផងដែរ។
Saliba បានធ្វើឲ្យមានការចាប់អារម្មណ៍ នៅក្លិបមានមូលដ្ឋាននៅតំបន់ North London កាលពីពេលចាប់ផ្តើមរដូវកាលមុន និងបានក្លាយជាកីឡាករសំខាន់ម្នាក់ សម្រាប់អ្នកចាត់ការ Mikel Arteta ដោយបានចាប់ផ្តើមការប្រកួត ២៧លើកដំបូងក្នុងលីគ Premier League មុនពេលការរងរបួស បានបញ្ចប់ការបង្ហាញខ្លួនលើទីលានរបស់រូបគេក្នុងខែមីនា។
ជាមួយនឹងការចុះកិច្ចសន្យាថ្មីនេះផងដែរ ខ្សែការពារ Saliba ក៏នឹងត្រូវពាក់អាវថ្មី សម្គាល់លេខ២ សម្រាប់រដូវកាលខាងមុខ។
សូមជម្រាបផងថា ក្រុមរបស់លោក Mikel Arteta នឹងចាប់ផ្តើមយុទ្ធនាការ Premier League 2023-24 របស់ពួកគេ ដោយត្រូវប្រកួតទល់នឹងក្រុម Nottingham Forest នៅថ្ងៃទី១២ ខែសីហាខាងមុខ៕


ប្រភព Modern Ghana ប្រែសម្រួលដោយគិរីដងរែក




