ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតនឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៦ល្ងាចថ្ងៃអង្គារ ទី៣១ ខែឧសភា សម្រាប់ការប្រកួតមិត្តភាពតទល់ជម្រើសជាតិកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា នាទីលានពហុកីឡដ្ឋានជាតិមរតកតេជោ។
មុនឈានមកដល់ការប្រកួតមិត្តភាពនៅរាជធានីភ្នំពេញ ក្រុមទីម័រខាងកើតបានប្រកួតស្មើជាមួយនេប៉ាល់ ដោយលទ្ធផល ២ទល់នឹង២។
ទីម័រខាងកើតមិនមានការប្រកួតជម្រុះ AFC Asian Cup ទេ។ ក្រុមធំកម្ពុជា និងទីម័រខាងកើតបានប្រកួតមិត្តភាពតទល់គ្នាចុងក្រោយបង្អស់ កាលឆ្នាំ២០១៨ពេលលោក Keisuke Honda ទើបចូលកាន់ការងារជាអ្នកចាត់ការទូទៅថ្មីៗ ដែលកាលណោះក្រុមទាំងប្រកួតស្មើគ្នា២ទល់នឹង២។
បើនិយាយពីទីម័រខាងកើត ទោះមិនមានការប្រកួតលក្ខណៈជម្រុះ ឬដណ្ដើមពានអ្វីឡើយ ប៉ុន្តែពួកគេក៏បានប្រកួតមិត្តភាពជារឿយៗដែរ កាលដើមឆ្នាំពួកគេក៏បានជួបប្រកួតជាមួយឥណ្ឌូនេស៊ីផងដែរ។
បើតាមទំព័រ Facebook របស់សហព័ន្ធបាល់ទាត់ទីម័រខាងកើត នោះគឺពួកគេក៏បានជ្រើសរើសកីឡាករអាយុក្រោម២៣ឆ្នាំចូលរួមច្រើនដែរ។
ដោយឡែក នេះជាការប្រកួតមិត្តភាពចុងក្រោយសម្រាប់ក្រុមកម្ពុជាផងដែរមុនចូលរួមយុទ្ធនាការជម្រុះ AFC Asian Cup 2023 ក្នុងខែមិថុនា ដដែល។
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជម្រុះ AFC Asian Cup 2023 ក្នុងពូល D ដែលមានម្ចាស់ផ្ទះឥណ្ឌា, ហុងកុង និងអាហ្វហ្គានីស្ថាន៕
ដោយគីរីដងរែក