ប្រភពពីមន្ត្រីអនុវត្តច្បាប់បានប្រាប់ CBS News កាលពីថ្ងៃអាទិត្យទី២២ខែមករា (ត្រូវនឹងថ្ងៃចន្ទទី២៣នៅកម្ពុជា) ថា ជនសង្ស័យក្នុងការបាញ់ប្រហារអំឡុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅទីក្រុង Monterey Park ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានស្លាប់ហើយ។
ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារ បណ្តាលឲ្យមនុស្សចំនួន១០នាក់ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃសៅរ៍។
លោក Robert Luna ស្នងការក្រុង Los Angeles និយាយថា ជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងក្នុងរថយន្តពណ៌ ស ដែលប៉ូលិស ឡោមព័ទ្ធខណៈ មន្ត្រីកំពុងដោះស្រាយជាមួយ ជនសង្ស័យនៅក្នុងសង្កាត់ Torrance។
យោងតាមលោក Luna, មនុស្សប្រុសស្រី៥នាក់ត្រូវបានសម្លាប់ និង១០នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារនៅស្ទូឌីយោ Star Ballroom Dance ក្នុងទីក្រុង Monterey Park កាលពីយប់ថ្ងៃសៅរ៍។ ២០ទៅ៣០នាទីក្រោយមក ខ្មាន់កាំភ្លើងបានចូលសាល Lai Lai សម្លាប់មនុស្សបន្ថែម។
អាជ្ញាធរជឿថាព្រឹត្តិការណ៍ទាំងពីរមានទំនាក់ទំនងជាមួយគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីហេតុផលនៃការវាយប្រហារនោះទេ។
គួរបញ្ជាក់ថា Monterey Park គឺជាទីក្រុងមួយដែលមានមនុស្សប្រហែល ៦០០០០ នាក់ស្ថិតនៅជាយភាគខាងកើតទីក្រុង Los Angeles។ អ្នកក្រុងភាគច្រើនគឺជាជនអន្តោប្រវេសន៍អាស៊ី ឬអ្នកជាប់សែស្រឡាយអាស៊ី ភាគច្រើនជាជនជាតិចិន៕



ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




