(បរទេស)៖ ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facebook កំពុងធ្លាក់ចុះជាខ្លាំង បន្ទាប់ពីក្រុមហ៊ុននេះបានបង្វែរទិសដៅទៅរកពិភព Metaverse ដែលបណ្តាលឱ្យវិនិយោគិនជាច្រើនសម្រេចបង្ខំចិត្តឱ្យ Meta កាត់បន្ថយចំណាយជាដាច់ខាត។ ពោលគឺវិនិយោគិនចង់ឱ្យកាត់បន្ថយចំណាយលើបុគ្គលិក រួមជាមួយនឹងការកាត់បន្ថយវិនិយោគលើ Metaverse ប្រមាណ ៥ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
ប្រភពបានឱ្យដឹងថា ម្ចាស់ភាគហ៊ុនម្នាក់មកពីក្រុមហ៊ុន Altimeter Capital Management លោក Brad Gerstner បានលើកឡើងថា Meta នឹងប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូលជាខ្លាំងនៅឆ្នាំនេះរហូតដល់ទៅ ៤០ពាន់លានដុល្លារ ប្រសិនមិនព្រមកាត់បន្ថយការចំណាយជាពិសេសគឺគម្រោង Metaverse។ ខណៈប្រភពបានឱ្យដឹងទៀតថា វិនិយោគិនរូបនេះចង់ឱ្យ Meta កាត់បន្ថយចំណាយទៅលើបុគ្គលិករបស់ Facebook ប្រមាណ ២០ភាគរយ រួមទាំងកាត់បន្ថយការចំណាយដើមទុនយ៉ាងហោចណាស់ចន្លោះពី ៥ទៅ ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ និងត្រូវកាត់បន្ថយការចំណាយទៅលើ Metaverse ប្រមាណ ៥ពាន់លានដុល្លារ ពីការចំណាយខ្ទង់ ១០ពាន់លានដុល្លារបច្ចុប្បន្ននេះ។
ទាក់ទិននឹងការលើកឡើងនេះ Meta បានចំណាយប្រាក់រាប់ពាន់លានដុល្លារ និងជួលបុគ្គលិករាប់ពាន់នាក់នៅជុំវិញពិភពលោកក្នុងអំឡុងប៉ុនា្មនឆ្នាំចុងក្រោយនេះដើម្បីបង្កើត metaverse ដែលជាបច្ចេកវិទ្យាឌីជីថលជំនាន់ក្រោយ ដែលផ្តោតសំខាន់ទៅលើពិភពសប្បនិម្មិត AR ឬ VR ។
ដោយឡែកពាក់ព័ន្ធនឹងការលើកឡើងរបស់ម្ចាស់ភាគហ៊ុនរូបនេះមិនទាន់មានរបាយការណ៍ណាមួយពី ក្រុមហ៊ុន Meta Platform ដែលជាមេធំ Facebook នោះទេ ថាតើពួកគេនឹងសម្រេចបញ្ឈប់បុគ្គលិក ឬបញ្ចប់គម្រោងណាមួយដើម្បីកាត់បន្ថយការចំណាយ រួមទាំងដកខ្លួនពីហានិភ័យការបាត់បង់ប្រាក់ចំណូលនោះឡើយ៕
ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក