ឧទ្យានជាតិព្រះមុនីវង្ស «ភ្នំបូកគោ» គឺជាតំបន់មានសក្តានុពលបែបធនធានធម្មជាតិចម្រុះ និងអំណោយផលច្រើន សម្រាប់វិស័យទេសចរណ៍ អចលនទ្រព្យ កសិកម្ម និងវិនិយោគនានា។ ជាក់ស្តែងនៅលើកំពូលភ្នំមានបឹងដ៏ធំ ដែលអាចស្តុកទឹកបានយ៉ាងច្រើនម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់នៅលើភ្នំទាំងមូល។
ផ្ទៃបឹងនៅលើកំពូលភ្នំបូកគោនេះ មានកម្ពស់ ១០៧៥ម៉ែត្រ ពីនីវ៉ូ ទឹកសមុទ្រ មានទឹកថ្លាល្អ បានមកពីទឹកភ្លៀង។
ដោយមើលឃើញអំពីភាពអំណោយទាន និងសក្តានុពលខ្លាំង ក្រុមហ៊ុនបូកគោហ្វាម បានសម្រេចបោះទុនវិនិយោគ ២លានដុល្លារអាមេរិក ដើម្បីផលិតទឹកពិសាបរិសុទ្ធ “ឋានសួគ៌បូកគោ” ដែលផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងកំពុងទទួលបានការគាំទ្រលើទីផ្សារ។
លោក នុត សេងហុង ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម បានលើកឡើងថា ការបោះទុនវិនិយោគ បង្កើតរោងចក្រផលិតទឹកបរិសុទ្ធនេះ គឺដើម្បីផ្គត់ផ្គង់សណ្ឋាគារសុខាទាំង៧ទីតំាង និងតាមការ៉ាសាំងសូគីមិញ និងម៉ាត ព្រមទាំងចែកចាយនៅតាមផ្សារទំនើបនានា។ លើសពីនេះទៀត ក៏មានការបញ្ជាទិញពីប្រជាពលរដ្ឋទូទៅ ជាច្រើនយក ទៅទុកពិសានៅក្នុងគ្រួសារផងដែរ។
លោកបានបន្តថា តាមរយៈកំណើននៃការបញ្ជាទិញពីអតិថិជននេះ បានធ្វើឱ្យការផលិតកើនឡើងប្រមាណ ៥ម៉ឺន ដបក្នុងមួយថ្ងៃ ដែលនាំឱ្យក្រុមហ៊ុន កំពុងសិក្សាអំពីការពង្រីកទុនវិនិយោគបន្ថែមទៀត។
បើតាមលោក នុត សេងហុង ទឹកបរិសុទ្ធ ឋានសួគ៌បូកគោនេះ មាន PH8. អាចជួយសរីរាង្គ ដោយសារមានជាតិ កាល់ស្យូម អាល់កាឡាំង បន្សាបជាតិអាស៊ីត ជំនួយថ្លើម ផ្តល់ភាពរឹងមាំ ធ្វើឱ្យមានសុខភាពល្អ។
ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនបូកគោហ្វាម បានគូសបញ្ជាក់ថា “ប្រសិនបើទឹកដែលផលិតចេញពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា នាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកផលិតចេញពីទឹកភ្លៀងធម្មជាតិ ដែលមិនមានសារធាតុគីមីនោះទេ”។ ជាងនេះទៅទៀត ទឹកពិសាឋានសួគ៌បូកគោ ត្រូវបានទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាព ចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពឡើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុនបូកគោហ្វាម បានបង្កើតរោងចក្រផលិតទឹកសុទ្ធ ចាប់ពីឆ្នាំ ២០១៧មក ដោយផលិតមាន៤ ចំណុះផ្សេងគ្នា ពោលគឺប្រភេទ ៣៣០ មីលីលីត្រ ក្នុងមួយថ្ងៃផលិតបាន ៤៣២០០ដប , ៥០០ML ផលិតបាន ៣៦០០០ដប, ១,៥MLផលិតបាន ១២០០០ដប, ប្រភេទដប ២០លីត្រ ផលិតបានពី ៨០ ទៅ១០០ធុង ក្នុងមួយថ្ងៃ៕




ដោយគីរីដងរែក