អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងមន្ទីរពេទ្យពន្ធនាគារក្រុងបាងកក បន្ទាប់ពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា គាត់មានជំងឺរួមគ្នាចំនួនបួនមុខ។
លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារក្រុងបាងកកភ្លាមៗ បន្ទាប់ពីតុលាការកំពូល កាត់ទោសគាត់ឲ្យជាប់ពន្ធនាគារ នៅក្នុងសំណុំរឿងចំនួន៣ករណី។
ទោះបីជាយ៉ាងណាក៏ដោយ អគ្គនាយក នៃ នាយកដ្ឋានពន្ធនាគារ លោក Aryut Sintopphan បានអះអាងថា នាយកដ្ឋាននឹងធានាសុវត្ថិភាពរបស់លោកថាក់ស៊ីន នៅខាងក្នុងពន្ធនាគារ។
លោក Aryut និយាយថាពន្ធនាគារក្រុងបាងកកនឹងចាត់ចែងអគារពិសេសឬកន្លែងសម្រាប់សាច់ញាតិនិងអ្នកគាំទ្រដើម្បីចូលសួរសុខ ទុក្ខអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន។ ព្រោះតែលោកថាក់ស៊ីនមានអាយុ៧៤ឆ្នាំទៅហើយនោះ ដូច្នេះគាត់នឹងត្រូវមើលថែឲ្យបានល្អ ដើម្បីកុំឲ្យគាត់ធ្លាក់ខ្លួនឈឺ អំឡុងពេលនៃការឃុំខ្លួន។
ជាលទ្ធផលពន្ធនាគារបានសម្រេចឃុំខ្លួនលោកថាក់ស៊ីនតែម្នាក់ឯងក្នុងតំបន់៧ ដែលជាមន្ទីរពេទ្យនៃពន្ធនាគារក្រុងបាងកក ដោយនៅទីនោះ គាត់នឹងត្រូវតាមដានដោយបុគ្គលិកពេទ្យគ្រប់ពេលវេលា។
បើយោងតាមក្រុមគ្រូពេទ្យ, លោក ថាក់ស៊ីន មានជំងឺដូចជា៖
១ Ischemia ជាជំងឺបេះដូង ដែលលំហូរឈាមហូរមិនស្រួល ហើយគ្រូពេទ្យត្រូវចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងការកកឈាមដល់គាត់ជាប្រចាំ។
២ គាត់មានជំងឺសួតធ្ងន់ធ្ងរដោយសារកូវីដ១៩។ ថ្វីបើគាត់ជាសះស្បើយហើយក៏ពិតមែន ប៉ុន្តែសួតរបស់គាត់នៅតែជាប់ស្អិត ដែលធ្វើឲ្យគាត់ងាយនឹងអស់កម្លាំង។
៣ គាត់មានជំងឺលើសឈាម ហើយត្រូវលេបថ្នាំជាប្រចាំ។
៤ គាត់មានជំងឺឆ្អឹងខ្នង ដែលប៉ះពាល់ដល់តុល្យភាព និងការដើររបស់គាត់៕



ប្រភព Nationalthailand ប្រែសម្រួលដោយគិរីដងរែក