កម្លាំងនគរបាលក្រុងសៀមរាប និងនគរបាលជំនាញខេត្ត សហការស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ ក្រុមក្មេងទំនើងចំនួន១០នាក់ដែលតែងតែអុកឡុក បង្កអសន្តិសុខនៅកណ្ដាលក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនាថ្ងៃទី១២ខែសីហានេះថា នគរបាលក្រុងសៀមរាប សហការជាមួយុនគរបាលជំនាញខេត្តសៀមរាប ធ្វើការស្រាវជ្រាវបង្រ្កាបបានក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្កអសន្តិសុខ នៅក្នុងក្រុងសៀមរាប។ ជាក់ស្តែងកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីកាប់យកផ្លាកលេខម៉ូតូ និងវាយជនរងគ្រោះ នឹងដុំថ្ម ខ្សែក្រវាត់ មួកការពារ និងយកដុំថ្មគប់លើតូបលក់ដូរ។
ក្រុមក្មេងទំនើងទាំងនេះបានធ្វើសកម្មភាព កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៣:១៥នាទី នៅចំណុចខាងកើតវត្តពោធិលង្កា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប និងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:៥០នាទី នៅតូបលក់អីវ៉ាន់ចាបហ៊ួយ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ូតូជិះធ្វើសកម្មភាពរបស់ជនសង្ស័យចំនួន០៣គ្រឿង ដុំថ្ម០៧ដុំ ដាវ ១ដើម។ក្នុងចំណោមជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន០៤នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ដោយគិរីដងរែក