ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមធុរកិច្ចឈានមុខគេមួយនៅកម្ពុជា បានផ្តួចផ្តើមលើបទបង្ហាញផ្លូវអាជីព និងកម្មសិក្សា នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជ្រើសរើសនិសិ្សតដែលមានទេពកោសល្យសម្រាប់ក្រុមការងារផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ បុព្វហេតុនេះគឺស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ។

ក្រុមនិស្សិតដែលមានទេពកោសល្យនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ប្រមាណជាង ៣០ នាក់ មានឱកាសចូលរួមក្នុងបទបង្ហាញជាមួយអ្នកតំណាងមកពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ គោលដៅនៃបទបង្ហាញនេះ គឺដើម្បីកំណត់ឱ្យឃើញនូវនិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង អាចនាំមកនូវទស្សនវិស័យថ្មីៗដែលមានភាពខុសប្លែក និងការគិតឆ្ពោះទៅមុខលើគម្រោងអាជីវកម្ម និងគម្រោងសប្បុរសធម៌របស់ក្រុមហ៊ុន។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៅ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានប្រសាសន៍ថា «ពួកយើងបានប្តេជ្ញាបង្កើតវេទិកាជាច្រើនដែលអាចឱ្យយុវជនជំនាន់ក្រោយបង្ហាញពីទេពកោសល្យរបស់ខ្លួន។ គំនិតផ្តួចផ្តើមបែបនេះមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍយុវជនកម្ពុជាដែលមានទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីភាពរីកចម្រើនក្នុងការបង្ហាញភាពវិជ្ជមានអំពីសក្តានុពលរបស់ប្រទេសកម្ពុជា»។ លោកបានបន្តថា ៖ «ការសាទរ និង ការប្ដេជ្ញាចិត្ត របស់ពួកគេជាកត្តាជំរុញដល់ទិសដៅនៃប្រទេសជាតិយើងក្នុងការទទួលបាននូវផលវិជ្ជមានដ៏គួរឱ្យកោតសរសើរ» ។
នៅក្នុងវគ្គដ៏គួរឱ្យចាប់អារម្មណ៍ទៅលើការសំណួរនិងចម្លើយ និសិ្សតបានចូលរួមធ្វើបទបង្ហាញលើការឆ្លើយតបដ៏ឈ្លាសវៃ និងការសាទរយ៉ាងក្រៃលែងសម្រាប់ការជំរុញដល់ការអភិវឌ្ឍរបស់កម្ពុជា។

លោក ប៊ុនអ៊ី អ៊ឹង ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានមានប្រសាសន៍ថា «កិច្ចខិតខំប្រឹងប្រែងនេះ គូសបញ្ជាក់អំពីសារៈសំខាន់នៃអន្តរកម្មប្រកបដោយនិរន្តរភាពក្នុងការលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង និងទស្សនវិស័យដ៏រស់រវើករវាងវិស័យសាជីវកម្ម និងស្ថាប័នសិក្សា។ តាមរយៈការផ្តល់ជូននិសិ្សតនូវទិដ្ឋភាពផ្ទាល់នៃកិច្ចការងារមួយចំនួន ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានកំណត់ភាពជាដៃគូបែបនេះថាអាចនឹងផ្តល់ឱកាសការងារដល់និស្សិតបញ្ចប់ការសិក្សាតាមវិស័យការងារដែលបានគ្រោងទុក។ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានបំណងបន្តជ្រើសរើស និងបណ្ដុះបណ្ដាលយុវជនកម្ពុជាជំនាន់ក្រោយក្នុងការដឹកនាំពួកគេឱ្យក្លាយជាតួអង្គដ៏សំខាន់ក្នុងភាពរីកចម្រើនរបស់ប្រទេស។ ក្នុងនោះដែរ ក្រុមហ៊ុនក៏បានគាំទ្រយ៉ាងខ្ជាប់ខ្ជួនលើយុវជនកម្ពុជាដ៏មានទេពកោសល្យតាមរយៈកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលឧបត្ថម្ភដោយ មូលនិធិ ព្រីនស៍។
ដោយគិរីដងរែក




