អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃចន្ទថា ពលរដ្ឋថៃ១២នាក់ត្រូវបានសម្លាប់ និង១១នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់អំឡុងពេលមានជម្លោះក្នុងប្រទេសអ៊ីស្រាអែល។
អ្នកនាំពាក្យរូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា ជនជាតិថៃចំនួនប្រាំបីនាក់ក៏បានរងរបួសនៅក្នុងប្រទេសនេះផងដែរ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ដោយបន្ថែមថាឈ្មោះជនរងគ្រោះនឹងត្រូវរក្សាទុកពីប្រព័ន្ធផ្សព្វផ្សាយរហូតដល់ក្រុមគ្រួសាររបស់ពួកគេត្រូវបានប្រាប់។
អ្នកនាំពាក្យរូបនេះបាននិយាយថា ពលករថៃជាង១ពាន់នាក់បានស្នើសុំជំនួយដើម្បីជម្លៀសចេញ។ ក្រសួងការបរទេសបានឲ្យដឹងថា មានពលករថៃប្រមាណ ៣០.០០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីថៃ ស្រេតថាថាវីស៊ីន បាននិយាយថា កងទ័ពអាកាសថៃកំពុងរង់ចាំការជម្លៀសពលរដ្ឋថៃចេញពីប្រទេសអ៊ីស្រាអែល។ជនរងគ្រោះពីបរទេស៖ ជនបរទេស ឬជនជាតិពីរ ត្រូវបានបញ្ជាក់ថា សម្លាប់ ឬចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស រួមទាំងជនជាតិម៉ិកស៊ិក និងប្រេស៊ីល ដែលក្រុមនេះចាប់ធ្វើជាចំណាប់ខ្មាំង។
លោក Chuck Schumer ព្រឹទ្ធសភាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិអាមេរិកបួននាក់ត្រូវបានសម្លាប់ ដោយបន្ថែមថា “យើងដឹងថាចំនួនអ្នកស្លាប់នឹងកើនឡើង”។យ៉ាងហោចណាស់ ពលរដ្ឋនេប៉ាល់ ១០នាក់ និងជនជាតិអ៊ុយក្រែន ២ នាក់ក៏ត្រូវបានសម្លាប់ដែរ នេះបើយោងតាមអាជ្ញាធររៀងៗខ្លួន។


ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក