កំពង់ធំ ៖ ក្មេងស្រី ៤ នាក់ជាសិស្សសាលានៅសាលាអនុវិទ្យាល័យពាមគ្រែងចេញពីសាលារៀននាំគ្នាលេងទឹកបណ្តាលឲ្យលង់ស្លាប់ម្នាក់ និងបីនាក់ទៀតត្រូវបាន ប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល ។
តាមរបាយការណ៍របស់លោកលៀងកែវ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបញ្ជាក់ថានៅព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ មានករណីក្មេងជាសិស្សសាលាអនុវិទ្យាល័យ ពាមគ្រែងចេញពីសាលារៀន ត្រូវបានលង់ទឹកស្លាប់ ។ លោក បញ្ជាក់ថាពេលចេញពីរៀនវិញនៅវេលាម៉ោង ១០:៣០ នាទី ក្មេងៗ មួយចំនួនបាននាំគ្នាទៅលេងទឹកតាមផ្លូវស្របពេល នោះដែរ មាន ក្មេងស្រីចំនួន ០៤ នាក់នៅលេងដាច់ឆ្ងាយពីក្មេងផ្សេងទៀត ។ លុះដល់ត្រង់ចំណុចតំបន់កោះ តាហែម ស្ថិតនៅភូមិអូរសំបួរឃុំក្តី ដូង ស្រុកកំពង់ស្វាយនាំ លេងចំកន្លែងទឹកហូរដាច់ផ្លូវក៏រអិល ជើងទាំងបួននាក់ចូលកន្លែងទឹកជ្រៅ ហើយហូរទាំងបួននាក់តែម្តងឃើញ ដូចនេះ ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយសង្គ្រោះបានបីនាក់ភ្លាមៗ និងម្នាក់ទៀតបាត់ខ្លួនរកមិនឃើញ ។ ប្រភពដដែលបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនខិតបើកកាណូតរាវរករហូតម៉ោង១១:៣០ នាទី ទើបរកឃើញសព ។
ប្រភពសមត្ថកិច្ចបញ្ជាក់ថាក្មេងលង់ទឹកស្លាប់នោះ មានឈ្មោះចក់ កញ្ញា ភេទ ស្រី អាយុ ១៦ ឆ្នាំ រស់នៅភូមិ កំពង់គោ លើឃុំកំពង់គោ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ជាសិស្សសាលាអនុវិទ្យាល័យពាមគ្រែង ។
ក្រោយការពិនិត្យសពរបស់សមត្ថកិច្ចរួចមកសង្កេតឃើញថាសពក្មេងស្រីនេះពិតជាលង់ទឹក ពិតប្រាកដមែនសមត្ថកិច្ចក៏បានប្រគល់ សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
លោកនាយប៉ុស្តិ៍សំណូមពរសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន សូមមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ព្រោះ ទឹកស្ទឹងសែននៅតែបន្តឡើង ដើម្បីការពារដល់អាយុជីវិតផងដែរ៕



ដោយគីរីដងរែក




