23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

កំសត់ហើយថែមកំសត់មួយជាន់ទៀត……មិនគួរអោយជឿសោះថាតារាកំប្លែងវ័យក្មេងនាយប្រុញជួបរឿងបែបនេះសោះ !!!!!

- Advertisement -spot_img

ជារឿងមួយគួរភ្ញាក់ផ្អើល ខណៈដែលស្ងាត់ៗតារាកំប្លែងវ័យក្មេង ដែលកំពុងតែល្បីល្បាញលើបណ្ដាញសង្គមនាយ ប្រុញ សម្រេចចិត្តវេចសម្ពាយត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ព្រោះតែមិនអាចបន្តទ្រាំសម្ដែងបម្រើអារម្មណ៍មហាជនតទៅទៀតបាន ព្រោះការថតកន្លងមិនដែលបានទទួលប្រាក់កាសនោះទេ រហូតចុងក្រោយនាយសុំតែរួចខ្លួនប៉ុណ្ណោះ។ដំណឹងនេះត្រូវបានបែកធ្លាយតាមរយៈសំណេររបស់លោក ពេជ្រ ស្រស់ ដែលគេស្គាល់ថា ធ្លាប់ជាសប្បុរសជនមួយរូប ដែលធ្លាប់បានជួយយិតយោងនាយ ប្រុញ តាំងពីមុននាយឡើងមករាជធានីភ្នំពេញ រហូតមានផ្ទះសម្បែងសមរម្យឲ្យឪពុកម្ដាយរបស់នាយទៀតផង។ លោកបានចំណាយពេលមួយរយៈ ដើម្បីស្វែងយល់ពីបញ្ហានេះ រហូតតារាកំប្លែងវ័យក្មេងរូបនេះដាច់ចិត្តទម្លាយការពិតមួយចំនួន។

បើតាមលោក ពេជ្រ ស្រស់ បានលើកឡើងដោយស្រង់សំដីរបស់នាយ ប្រុញ និងម្ដាយឲ្យដឹងថា រឿងនាយប្រុញ ដែលចេញថតព្រោងព្រាតពិតមែន ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ។ ហើយប្រាក់ខែរបស់នាយ ប្រុញ វិញ គឺបានតែម្តងគត់។ ដោយឡែកចំពោះពាក្យល្បីថា នាយប្រុញ បានឡានមួយគ្រឿងនោះ ក៏មិនបានដែរ ព្រោះឡាននោះមានចំណែកបីនាក់ ហើយរូបគេបានឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុគឺថតមិនទទួលបានលុយទាល់តែសោះ ។លោក ពេជ្រ ស្រស់ និយាយថា៖ “ បើសិនរឿងហ្នឹងជារឿងពិតមែន ខ្ញុំស្ដាប់ទៅគឺសង្វេគសម្រាប់ក្មួយប្រុញ និងគ្រួសារក្មួយប្រុញណាស់ ជាពិសេសក្មួយប្រុញ ដែលធ្វើការឲ្យគេបានត្រឹមតែបាយហូប ជូនកាលគេឲ្យតែ១ម៉ឺនរៀលចាយ រហូតដល់ថ្នាក់គ្នាសុំតែមួយរួចខ្លួន ឈប់ថតទៀតហើយ ស្ដាប់មើលទៅដូចគេយកគាត់ទៅប្រើ”។

លោកបន្តថា អ្នកដែលមិនដែលឲ្យលុយនាយប្រុញ គឺអ្នកដឹកនាំនាយប្រុញថត។ លោកបន្តថា សូម្បីលោកធ្លាប់ជូលនាយប្រុញ ដោយឲ្យលុយ២០០ដុល្លារសម្រាប់ចែកគ្នា ក៏នាយ ប្រុញ ពុំទទួលបាននោះដែរ។

លោក ពេជ្រ ស្រស់ បន្តបញ្ជាក់ថា៖” បើរឿងខាងលើគឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកំសត់ពេកហើយ ត្រូវគេប្រើដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។ ព័ត៌មានខាងលើ គឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរ”។មិនទាន់អាចសុំការបំភ្លឺពីនាយ ប្រុញ បានទេនៅល្ងាចថ្ងៃទី១២៣ខែមេសានេះ។ ប៉ុន្តែបើតាមឪពុករបស់នាយប្រុញ បានឲ្យដឹងថា កូនប្រុសរបស់ខ្លួនពិតជាបានចាកចេញពីលោកឧកញ៉ាសម្បត្តិ ដោយទៅដល់ស្រុកកំណើតពិតមែនកាលពីថ្ងៃទី១៣ខែមេសាមុនបុណ្យចូលឆ្នាំខ្មែរ ហើយការចាកចេញ គឺបានសុំការអនុញ្ញាត និងឯកភាពលោកឧកញ៉ារួចហើយ។

លោកឪពុករបស់នាយ ប្រុញ បានបញ្ជាក់ទៀតថា នាយបានបោះបង់ចំណែករថយន្តមួយគ្រឿងនោះមែន ដោយសុំតែរួចខ្លួនមកនៅស្រុកកំណើតក្បែរឪពុកម្ដាយវិញ។ ឪពុកនាយប្រុញបញ្ជាក់ថា៖ “តាំងពីទៅភ្នំពេញ គាត់(នាយប្រុញ) បានលុយបានកាក់ខ្លះដែរ មិនមែនថាអត់ទទេទេ តែគិតសព្វៗទៅក៏សុំលោកឧកញ៉ា និងលោកជំទាវមកស្រុកវិញ”។

ទោះបីជាយ៉ាងណា ឪពុករូបនេះបានអះអាងថា កំពុងទំនាក់ទំនងសុំគេឲ្យនាយ ប្រុញ បានសម្ដែងនៅខេត្តសៀមរាបតែម្ដង បាននៅជិតក្រុមគ្រួសារ និងបំពេញតាមបំណងរបស់នាយ។

ប្រភពខាងលើ ក៏បានស្រង់សំដីពីឪពុកម្តាយនាយ ប្រុញ បានបញ្ជាក់ទៀតថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផលជាក់ស្តែង គឺមានតែផ្ទះដែលលោកបានសង់ឲ្យប៉ុណ្ណោះ និងសល់លុយកាក់មួយចំនួន។ ដោយឡែកចំពោះភាពល្បីល្បាញរបស់នាយ ប្រុញ កន្លងមកនេះពុំដែលបានចំណូលអ្វីជាដុំកំភូននោះទេ។

ទោះបីជាយ៉ាងណា ជុំវិញបញ្ហានេះនៅមិនទាន់មានការបញ្ជាក់ពីភាគីអ្នកគ្រប់គ្រងរបស់នាយ ប្រុញ កន្លងមក ឬលោកឧកញ៉ា សម្បត្តិ ដែលគេស្គាល់ថា លោកធ្លាប់បានជួយជ្រោមជ្រែងនាយ ប្រុញ តាមរយៈការសម្ដែងផ្សព្វផ្សាយពីផលិតផល ដែលក្រុមហ៊ុនរបស់លោកបាននាំចូលនាពេលកន្លងមកនោះទេ។ គេនៅចាំបានថា នាយប្រុញ ធ្លាប់បាននិយាយដោយចំហរចាត់ទុកលោកឧកញ៉ារូបនេះថា ជាឪពុកទី២ទៀតផង។ សារព័ត៌មានគីរីដងរែក រីករាយរងចាំការបញ្ជាក់ជុំវិញរឿងរ៉ាវនេះពីគ្រប់ភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា តារាកំប្លែងវ័យក្មេង នាយប្រុញ ដែលល្បីល្បាញលើបណ្ដាញសង្គមតាមរយៈសមត្ថភាពកំប្លែងស្ងួត នាយធ្លាប់មានប្រវត្តិកម្សត់កម្រ ខណៈជីវភាពគ្រួសារខ្វះខាតរកព្រឹកខ្វះល្ងាច។ នាយបានចាកចេញពីស្រុកកំណើត ភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីឆ្នាំ២០២១ ក្រោយល្បីល្បាញលើបណ្ដាញសង្គម និងមានឳកាសសម្ដែងសាងភាពល្បីល្បាញជាបន្តបន្ទាប់៕
ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img