មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន ធ្វើទស្សនកិច្ចទៅកាន់អង្គភាពកងទ័ពជើងទឹកមួយ ហើយបានត្រួតពិនិត្យការធ្វើមីស៊ីលគ្រូសយុទ្ធសាស្ត្រមួយគ្រាប់ នៅមុនសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្ដើម។
បើតាម KCNA លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ចអង្គភាពកងទ័ពជើងមួយនៅក្នុងតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន និងបានពិនិត្យមើលការធ្វើ តេស្ដបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រមួយគ្រាប់។
ប៉ុន្តែ មិនបានបញ្ជាក់ថាតើទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាំងពីពេលណា ឬក៏ថាតើមីស៊ីលប្រភេទអ្វីដែល ត្រូវបានធ្វើតេស្ដនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាមានឈ្មោះ Ulchi Freedom Shield នៅថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា។
អាមេរិក និងកូរ៉េខាងត្បូង បានហៅសមយុទ្ធនេះជាការពង្រឹងសមត្ថភាពទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ តែទីក្រុងព្យុងយ៉ាងក៏បាន ចាត់ទុកដែរថាសមយុទ្ធយោធារបៀបនេះគឺជាការត្រៀមលក្ខណៈឈ្លានពានប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ដែលជារឿយៗតែងតែព្រមានពីការ ចាត់វិធានការឆ្លើយតប៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក