35.3 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

កូរ៉េខាងត្បូង និងអាមេរិក ពិចារណាធ្វើសមយុទ្ធបាញ់គ្រាប់ពិត ចំពេលកូរ៉េខាងជើង គំរាម

- Advertisement -spot_img

ក្រសួងការពារជាតិទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិចារណារៀបចំសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាទ្រង់ទ្រាយធំជាលើកដំបូង ក្នុងរយៈពេលប្រាំមួយឆ្នាំ នៅឆ្នាំ២០២៣ខាងមុខនេះ ចំពេលមានការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសកូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងលោក Jeon Ha-gyu បាននិយាយថា សមយុទ្ធនេះកំពុងស្ថិតក្នុងការពិចារណា ចំពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិភាក្សាអំពីការរៀបចំ សម្រាប់ខួបលើកទី ៧០ នៃសម្ព័ន្ធភាពរបស់ពួកគេ នៅឆ្នាំក្រោយ។

លោក Jeon បានប្រាប់សន្និសីទកាសែតជាប្រចាំថា “ ដោយកត់សម្គាល់ឱកាសនោះយើងកំពុងរិះរកវិធីផ្សេងៗ ដើម្បីបង្ហាញវត្តមាន យោធារបស់យើង និងសមត្ថភាពកំញើញដ៏លើសលប់របស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងប្រទេស កូរ៉េខាងជើង។ សមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា អាចជាជម្រើសមួយ ”។

សមយុទ្ធបែបនេះ នឹងក្លាយជាការបង្ហាញកម្លាំងរួមគ្នាមួយផ្សេងទៀត ដែលនឹងត្រូវចាប់ផ្តើមឡើងវិញបន្ទាប់ពីការផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោក Yoon Suk-yeol ដែលបានសន្យាពង្រឹងសមត្ថភាពយោធា និងការត្រៀមខ្លួនដើម្បីរារាំងការអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង។

កាលពីខែកញ្ញា សម្ព័ន្ធមិត្តទាំង២ បានធ្វើសមយុទ្ធជាលើកដំបូង ជាមួយនឹងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៨មក។

សមយុទ្ធបែបនេះ ត្រូវបានបញ្ឈប់ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Moon Jae-in ដោយសារតែលោក ផ្តល់អាទិភាពដល់ការផ្សះផ្សាជាមួយកូរ៉េខាងជើង។

ក្នុងឆ្នាំនេះ កូរ៉េខាងជើង បានសាកល្បងមីស៊ីលយ៉ាងច្រើនក្នុងកម្រិតមិនធ្លាប់មានពីមុនមក រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកផងដែរ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img