ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខណាមួយពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល រួមទាំងការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរដ៏លើសលប់បំផុត របស់ខ្លួនផងដែរ។
ការព្រមាននេះកើតឡើង ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ជាមួយការសន្យាពង្រីកសមយុទ្ធយោធារួមគ្នាបន្ថែមទៀត។
ក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយផ្សាយដោយ ទីភ្នាក់ងារ ព័ត៌មាន រដ្ឋ កណ្តាល កូរ៉េ (KCNA) នៅ ថ្ងៃ ព្រហស្បតិ៍ ទី០២ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា “ស្ថានភាពយោធា និងនយោបាយនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់ បានឈានដល់បន្ទាត់ក្រហមហើយដោយសារតែសមយុទ្ធយោធាដែលគ្មានការប្រុងប្រយ័ត្ន និងអំពើអរិភាពរបស់សហរដ្ឋអាមេរិក និងកងកម្លាំងឈ្លានពាន”។
អ្នកនាំពាក្យនិយាយថា “កូរ៉េខាងជើង នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះការប៉ុនប៉ងយោធាណាមួយរបស់សហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍នុយក្លេអ៊ែរ”។
កាលពីថ្ងៃអង្គារ លោក Austin បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត “ដែកថែប” របស់អាមេរិកក្នុងការផ្តល់ “ឆ័ត្រនុយក្លេអ៊ែរ” ដល់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។
នៅក្នុងអត្ថបទវិចារណកថាដែលចេញផ្សាយដោយកាសែត Yonhap លោកបានបង្ហើបថា “សម្ព័ន្ធមិត្តកំពុងពង្រីកវិសាលភាព និងទំហំនៃលំហាត់រួម ក្នុងគោលបំណងបង្កើនអន្តរប្រតិបត្តិការ និងការត្រៀមខ្លួនរបស់យើងដើម្បីប្រយុទ្ធក្នុងករណីចាំបាច់”។
កាលពីឆ្នាំមុន កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់ រួមទាំងការសាកល្បងគ្រាប់ផ្លោងរយៈចម្ងាយឆ្ងាយផងដែរ ដោយហៅការបាញ់នោះថាជាការឆ្លើយតបទៅនឹងសមយុទ្ធសង្គ្រាមអាមេរិក-កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន និងជាការហាត់សមសម្រាប់ការវាយលុកដែលអាចកើតមាន៕



ប្រភព Asia News Network ប្រែសម្រួលដោយគិរីដងរែក




