កូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) បានអះអាងនៅថ្ងៃសៅរ៍នេះថា រូបលោកគ្រោងវិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ គឺចំថ្ងៃដែលសភាថៃនឹងបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ដែលអាចនឹងបិទបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ ដែលអូសបន្លាយពេលជាច្រើនខែមកនេះ។
អតីតនាយករដ្ឋមន្រ្តីថៃវ័យ៧៤ឆ្នាំខាងលើ ត្រូវបានគេទម្លាក់ពីអំណាចក្នុងរដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ ហើយរូបលោកបានរស់នៅ ក្រៅប្រទេស អស់រយៈពេលប្រមាណជា១៥ឆ្នាំមកហើយ។ កន្លងមក លោក ថាក់ស៉ីន បាននិយាយ លោកមានបំណងចង់វិលចូលស្រុកវិញណាស់ និងធ្លាប់បានសន្យាជាច្រើនលើកថានឹងធ្វើយ៉ាងដូច្នោះ ប៉ុន្តែរូបលោកប្រឈមនឹងការចោទប្រកាន់បទល្មើសមួយចំនួន ដែលលោកអះអាងថា ធ្វើឡើងក្រោមចេតនានយោបាយ។
នៅថ្ងៃសៅរ៍នេះ កូនស្រីលោក ថាក់ស៉ីន គឺអ្នកនាង ផែថោងថាន ស៉ីនណាវ៉ាត់ ដែលជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងគណបក្ស Pheu Thai បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram យ៉ាងដូច្នេះថា «នៅថ្ងៃអង្គារ ទី២២ ខែសីហា ម៉ោង៩ព្រឹក ខ្ញុំនឹងទៅទទួល លោកប៉ាខ្ញុំ គឺលោក ថាក់ស៉ីន នៅឯព្រលានយន្តហោះដូនមឿង (Don Muang)»។
ការវិលត្រឡប់របស់លោក ថាក់ស៉ីន នឹងគាប់ជួបពេលគ្នាជាមួយនឹង ការបោះឆ្នោតនៅសភាថៃនារសៀលថ្ងៃដដែលនោះ ដែលនឹងត្រូវមើលឃើញថា តើលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ដែលជាបេក្ខជនរបស់គណបក្ស Pheu Thai អាចក្លាយជានាយករដ្ឋមន្រ្តីដែរឬយ៉ាងណា ដែលអាចនឹងបិទបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយរយៈពេល៣ខែមកនេះ គិតចាប់តាំងតែពីការបោះឆ្នោតសកល កាលពីខែឧសភាមក។
គណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈបានច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកល បានទទួលបរាជ័យកាលពី ខែកក្កដា ក្នុងការព្យាយាមឱ្យមេដឹកនាំខ្លួនគឺ លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ក្លាយជានាយករដ្ឋមន្រ្តី។ គណបក្ស Pheu Thai គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេទី២ បន្ទាប់ពី Move Forward នៅក្នុងការបោះឆ្នោតសកល៕



ប្រភព The Business Time ប្រែសម្រួលដោយគិរីដងរែក