(មេនឆេស្ទើ)៖ កីឡាករ Fred របស់ក្លិប Manchester United បានលើកឡើងថា កម្រិតនៃការលេងបាល់ទាត់របស់លោក មានភាពប្រសើរឡើង ដោយសារតែការលេងក្នុងភាពជាដៃគូជាមួយកីឡាកររួមសញ្ជាតិ Casemiro ក្រោយពីខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានលេងដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុងការប្រកួត Premier League ដោយឈ្នះ ២-០ លើក្រុមភ្ញៀវ Tottenham Hotspur កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
កីឡាករ Bruno Fernandes និង Fred បានស៊ុតបញ្ចូលទីម្នាក់ ១គ្រាប់ ខណៈ United បានទទួលជ័យជម្នះ បន្ទាប់ពីមានភាគរយច្រើនក្នុងការគ្រប់គ្រងបាល់ នៅក្នុងការប្រកួតចាប់តាំងពីដើមរហូតដល់ចប់ ៩០នាទីពេញ។
ការប្រកួតឈ្នះកាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅនេះ គឺជាការប្រកួតលើកទី៣ ជាប់គ្នាហើយដែល Fred និង Casemiro បានលេងជាដៃគូជាមួយគ្នា ខណៈគ្រូបង្វឹក Erik ten Hag កាលពីពេលកន្លងទៅ បានពេញចិត្តចំពោះដៃគូខ្សែបម្រើ គឺកីឡាករ Scott McTominay និង Christian Eriksen។
«ខ្ញុំពិតជារីករាយណាស់ដែលបានលេងជាមួយ Casemiro។ គាត់គឺជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។ យើងបានលេងជាមួយគ្នា ក្នុងពេលវេលាយូរនៅក្នុងក្រុមមួយនេះ» នេះបើតាមសម្តី Fred បានប្រាប់សារព័ត៌មាន National ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍។
គួរជម្រាបថា United ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងលីគកំពូលអង់គ្លេសនោះ នឹងធ្វើដំណើរទៅជួបក្រុមចំណាត់ថ្នាក់ទី៤ Chelsea នៅថ្ងៃសៅរ៍នេះក្នុងលីគ៕




ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក