26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

​ការប្រកួត​​​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ ត្រូវ​ប្រើច្បាប់

- Advertisement -spot_img

កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​​កីឡា​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​ពាន​រង្វាន់«សម្តេច​ធិបតី»​ចាប់​ពី​ឆ្នាំ​២០២៤​នេះ​​តទៅ​ដោយ​មាន​ច្បាប់​ថ្មីចំពោះ​ការ​ប្រកួត​​​គ្រប់​ប្រភេទ​កីឡា​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​​សម្រាប់​វិញ្ញាសា​ប្រយុទ្ធ ប៉ុន្តែ​វិញ្ញាសា​សម្តែង​ប្រើ​ច្បាប់​​របស់​សហព័ន្ធ​សាមី។

ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​គឺ​​មាន​តែ​កីឡា​អត្តសញ្ញាណ​ខ្មែរ​​ប៉ុណ្ណោះ​​​ដូច​ជា គុន​ល្បុក្កតោ យុទ្ធក្រម​ខម​​ គុន​ខ្មែរ គុន​ចម្រុះ គុន​ចំបាប់ ខ្លា​ក្រាប ក្រពើហា ស្រង៉ែ​ពែន និង ក្បាច់​គុន​កង​យោធ​ពល​ខេមរភូមិន្ទ​។ ​ក្បាច់​គុន​ទាំង​នេះ​មានច្បាប់ បច្ចេកទេស​ និង​លក្ខន្តិកៈ​រៀង​ៗ​ខ្លួន​ ប៉ុន្តែ​នៅ​ពេល​យក​មក​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​ពាន​រង្វាន់«សម្តេច​ធិបតី» គឺ​មិន​ប្រើ​ច្បាប់​របស់​សហព័ន្ធសាមី​​​ទេ​សម្រាប់​វិញ្ញាសា​ប្រយុទ្ធ ប៉ុន្តែ​​វិញ្ញាសា​សម្តែង​គឺ​ប្រើ​ច្បាប់​របស់​សហព័ន្ធ​សាមី។

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា៖ ច្បាប់​ថ្មី​នេះ​គឺ​ការ​ប្រកួត​មាន​​​តែ​២​ទឹក ក្នុង​នោះ​១​ទឹក​មាន​​តែ​២​នាទី​ប៉ុណ្ណោះ។ ​ការ​បង្កើត​ច្បាប់​នេះ​គឺ​ដើម្បី​អភិវឌ្ឍ​កីឡា​នីមួយ​​ៗ​​របស់​កម្ពុជា​​ឲ្យ​ស្រប​ទៅ​​តាម​គោល​ការណ៍ និងលក្ខខណ្ឌ​​ស្តង់ដា​កីឡា​នៅ​ក្នុង​កីឡា​ស៊ីហ្គេម កីឡា​ទ្វីប​អាស៊ី និង​កីឡា​អូឡាំពិក។​ ជាក់​ស្តែង​កីឡា​ប្រដាល់​សកល មិន​ដែល​​មាន​ការ​ប្រកួត​៤​ទឹក ៦​ទឹក ៨​ទឹក ១០ទឹក​ ឬ​១២​ទឹក នៅ​ក្នុង​កីឡា​ស៊ីហ្គេម កីឡា​ទ្វីប​អាស៊ី ឬ​អូឡាំពិក​ឡើយ ប៉ុន្តែ​មាន​ការ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​។

ទោះ​បី​ជា​យ៉ាង​ណា ច្បាប់ និង​លក្ខន្តិកៈ​នៅ​មិន​ទាន់​​ត្រូវ​បាន​ពន្យល់​ឲ្យ​ច្បាស់​លាស់​​ដល់​​កីឡាករ កីឡាការិនី​ គ្រូ​បង្វឹក ចៅ​ក្រម អាជ្ញា​កណ្តាល និង​មន្ត្រី​បច្ចេកទេស​តាម​សហព័ន្ធ​នីមួយ​ៗ​ឡើយ។ តាម​ការ​គំណត់​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​នឹង​រៀបចំ​​​បើក​វគ្គ​បណ្តុះ​បណ្តាលស្តីពី​ច្បាប់ និង​គោល​ការណ៍​​ថ្មី​​ដល់​​គ្រូ​បង្វឹក​​​ក្នុង​ចុង​​​ខែ​សីហា​នេះ និង​វគ្គ​​បណ្តុះ​បណ្តាល​ដល់​ចៅ​ក្រម-​អាជ្ញា​កណ្តាល​​នៅ​ខែកញ្ញា។

គោល​បំណង​ធំ​បំផុត​នៃ​ការ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​យុទ្ធ​គុនចម្រុះ​បុរាណ​ខ្មែរ​ដែល​ផ្តួច​ផ្តើម​គំនិត​ដោយសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​​កម្ពុជា​គឺ ចង​ក្រង អភិរក្ស និង​អភិវឌ្ឍ យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​ឲ្យ​ច្បាប់​ទម្លាប់ បច្ចេកទេស លក្ខន្តិកៈ និង​គោល​ការណ៍​ច្បាស់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយឈាន​ទៅ​រក​ការ​រីក​ចម្រើន​​លើ​ឆាក​អន្តរជាតិ។

ដើម្បី​ឲ្យ​ការ​ប្រកួត​ យុទ្ធ​គុនចម្រុះ​បុរាណ​ខ្មែរ​ ប្រព្រឹត្ត​ទៅ​​ដោយ​រលូន​​ជា​រៀង​រាល់​ឆ្នាំ សម្តេច​ធិបតីនាយក​រដ្ឋ​មន្ត្រី​បាន​​បង្កើត​«គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​​បុរាណ​​ខ្មែរ ពាន​រង្វាន់​សម្តេច​ធិបតី»​ដោយ​មាន​លោកទេសរដ្ឋ​មន្ត្រី ថោង ខុន ជា​ប្រធាន ​អនុប្រធាន​​៨​​រូប​ក្នុង​នោះ​លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ព្រម​ទាំង​មានស​មាជិក​១១​រូប និង​មាន​អាជ្ញា​ធរ​ខេត្ត-ក្រុង​ជា​សមាជិក​ផង​ដែរ។

សូម​បញ្ជាក់​ថា ​ការ​ប្រកួត​ឆ្នាំ​ដំបូង​នេះ​​ ​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ១៩ និង​២០ ខែ​តុលា ឆ្នាំ​២០២៤ នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​សម្តេច​ធិបតីនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ជាធិបតី​ទាំង​​ពិធីបើក និង​ពិធី​បិទ​។ ការ​ប្រកួត​ឆ្នាំ​បន្ត​បន្ទាប់​នឹង​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img