(បន្ទាយមានជ័យ )÷ ក្រោយទទួលព័ត៌មានពីអាជ្ញាធរថា មានករណីលួចផលិតទឹកកាធុម នៅចំណុចផ្ទះមួយកន្លែងម្ដុំចំការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយទទួលបានការអនុញ្ញតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រូលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចំនួន២០នាក់ ចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ តែក្រុមជនសង្ស័យបានដឹងខ្លួនមុនចាក់សោរផ្ទះទុកចោលហើយរត់គេចខ្លួនបាត់អស់។
លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការ និងមានការសម្របសម្រូលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលក្រុងប៉ោយប៉ែតបានសម្រេចកាត់សោរផ្ទះ រកឃេីញមានវត្ថុតាង៖ ១.ទឹកកាធុមចំនួន០៦ឆ្នាំង និង៣០០ដប, ២.ស្លឹកកាធុមចំនួន១០ថង់ធំ ស្មើនឹង១៦៧គីឡូក្រាម, ៣.ថ្នាំក្អកចំនួន០២កេសធំ(សារធាតុផ្សំ), ៤.កញ្ឆាស្ងួតចំនួន០៧ថង់, ៥.កាធុនដែកចំនួន០៦, ៦.ធុងទឹកកកចំនួន០៣, ៧.ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង, ៩.ថង់វេចខ្ចប់ និងដបច្រកមួយចំនួនធំ, ១០.ទូដែកចំនួន០១។
បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកក្នុងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកកាធុមនិងស្លឹកកាធុមត្រូវបានបំផ្លាញចោល។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវតែបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រេីប្រាស់គ្រឿងញៀនជាដើម។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះបង្ក្រាបនូវទីតាំងផលិត ចែកចាយ ផលិតផលចេញពីស្លឹកកាធុម (ប្រភេទភេជ្ជៈលាយជាមួយថ្នាំបាត់ក្អក ) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វេីឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសយុវវ័យ និងកុមារ។
លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានបញ្ជាក់ផងដែរថា ការបង្ក្រាបករណីនេះ ធ្វើដូចភ្លៀងរលឹម មិនអនុញ្ញាតឱ្យមានការលួចនាំចូល ចែកចាយផលិត នៅក្នុងទឹកដី នៃក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យឡើយ។ ហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច បើសិនជាឃើញថាមានកន្លែងណាមានការលួចនាំចូល ផលិត និងចែកចាយ ស្លឹកកាធុម សូមរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការបង្ក្រាបភ្លាមៗ ដោយគ្មានការលើកលែងឡើយ៕
ប្រភព ហ្វេបុកផេក ឡៃលី ប៉ោយប៉ែត ផ្សាយបន្តដោយគិរីដងរែក