កម្ពុជា បានចំណាយប្រាក់នាំចូលដែក និងដែកថែប មាន តម្លៃប្រមាណជាង ៤៥លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៤ ដើម្បីបំពេញតម្រូវការក្នុងស្រុក ពោលគឺមាន ការកើនឡើងចំនួន ៤៤% បើធៀបនឹងរយៈពេលដូចគ្ន កាលពីឆ្នាំ ២០២៣ មានចំនួនជាង ៣១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០២០ មកវិស័យ សំណង់នៅកម្ពុជាមិនមានដំណើរការល្អទេ ជាពិសេស គម្រោងធំៗដែលមានម្ចាស់ជាវិនិយោគីនបរទេស។
ដោយសារមិនសូវមានគម្រោងធំៗ ដូច្នេះតម្រូវការដែកក្នុង វិស័យសំណង់ក៏មិនមានបរិមាណច្រើននោះដែរ។ អ្នកជំនាញសាងសង់ បានលើកឡើងថា ការសាងសង់នា ពេលនេះភាគច្រើនជាសំណង់លំនៅឋានសម្រាប់បំពេញតម្រូវការប្រជាជនក្នុងស្រុក និងវិនិយោគដោយក្រុមហ៊ុនក្នុង ស្រុកតែប៉ុណ្ណោះ។
ទោះយ៉ាងណា យោងតាមរបាយការណ៍គយ បង្ហាញថា ការនាំចូលដែកមានកំណើននាដើមឆ្នាំ ២០២៤នេះ បានឆ្លុះបញ្ចាំងពីតម្រូវការនៃការសាងសង់កើនឡើងនៃវិស័យសំណង់នៅកម្ពុជា។ សម្រាប់ដែក ដែលប្រើ ប្រាស់នៅក្នុងវិស័យសំណង់កម្ពុជាភាគច្រើននាំចូលមកពីប្រទេសវៀតណាម ចិន និងថៃ។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ កម្ពុជា បានចំណាយទៅលើការនាំចូលដែក និងដែកថែប គិតជាថវិកាអស់ប្រមាណជាង ៣៧២លានដុល្លារ កើនឡើង ៣,៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជិត ៣៦០លានដុល្លារអាមេរិក។ នេះបើ តាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ដោយគិរីដងរែក