ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងចិនមានក្តីសុបិនតែមួយ ដែលប្រាថ្នាចង់ឃើញសណ្តាប់ធ្នាប់ពិភពលោកមួយដែលពឹងផ្អែកលើច្បាប់ ធម្មនុញអង្គការសហប្រជាជាតិ ពិសេសពិភពលោកប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងអារ្យធម៌របស់មនុស្សជាតិត្រូវបានគោរព ប្រជាជាតិទាំងអស់មិនត្រូវបានផាត់ចេញ ហើយប្រជាជនទាំងអស់នឹងមានបេះដូងកាន់តែធំទូលាយឆ្ពោះទៅរកពហុភាពនៃអារ្យធម៌ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ។ នេះបើយោងតាមបទបង្ហាញរបស់ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន: កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នៅរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តមបណ្ឌិត គិន ភា បានបន្តទៀតថា ប្រទេសកម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ ដោយផ្នែកលើកត្តាប្រវត្តិសាស្ត្រ វប្បធម៌នយោបាយ សេដ្ឋកិច្ច និងសង្គម ពិសេសការផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន។
សំឡេង៖ «កម្ពុជានិងចិនថ្វីត្បិតយើងនៅឆ្ងាយពីគ្នាតែបេះដូងយើងនៅជិតគ្នា យើងជាបងប្អូនដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាសហគមន៍មានជោគវាសនារួមគ្នា និងជាចុងក្រោយនេះយើងជាបងប្អូនត្បូងពេជ្រ។ លក្ខណៈពិសេសនៃមិត្តភាពរបស់យើងជ្រាលជ្រៅណាស់ ដូច្នេះស្នាមញញឹមរបស់យើងចំពោះគ្នាត្រូវតែស្នាមញញឹមដែលផុសចេញពីបេះដូងដ៏បរិសុទ្ធ មិនត្រឹមតែជាស្នាមញញឹមដែលផុសចេញលើផ្ទៃមុខដើម្បីបិទបាំងមិត្តភាពក្លែងក្លាយនោះទេ ។» ក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ ឯកឧត្តមបានធ្វើការងារយ៉ាងច្រើនជាមួយមិត្តមិត្តចិន ដើម្បីបុព្វហេតុលក្ខណៈពិសេស នៃមិត្តភាពប្រទេសយើងទាំងពីរ។
សំឡេង៖«ខ្ញុំបានផ្តួចផ្តើមគំនិតរៀបចំវេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន ដែលបានផ្តល់ឱកាសដល់អ្នកស្រាវជ្រាវប្រទេសយើងទាំងពីរ ក៏ដូចជាអ្នកស្រាវជ្រាវក្នុងតំបន់ ចែករំលែកទស្សនៈ បទពិសោធន៍ ទំនាក់ទំនង ផ្នែកសង្គម នយោបាយ សេដ្ឋកិច្ច វប្បធម៌ នីតិរដ្ឋ ប្រជាធិបតេយ្យ បរិស្ថាន និងជាតិពន្ធុជាដើម។» ជាមួយគ្នានេះ ឯកឧត្តម បានចាប់អារម្មណ៍ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ លើអភិបាលកិច្ច និងគំរូកាត់បន្ថយភាពក្រីក្រ បច្ចេកវិទ្យារបស់យុវជនចិនដែលនាំមកនូវប្រយោជន៍សម្រាប់ប្រទេសខ្លួនពិភពលោក ជាពិសេសកម្ពុជា។ ឯកឧត្តមបណ្ឌិតគីសេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថាតាមរយៈកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិនអាណត្តិទី២០ ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីទូទាំងពិភពលោក ប្រទេសចិនចាប់ផ្តើមជុំវិញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀតតាមរយៈការធ្វើទំនើបកម្មតាមបែបផែនត្រឹមត្រូវរបស់ចិន។
ការកែទម្រង់ស៊ីជម្រៅរបស់ចិននះ មានគោលដៅ កែទម្រង់ដោយគ្រប់ជ្រុងជ្រោយ គឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយម ដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ច។
ប្រទេសចិនបានដាក់គោលដៅដល់ឆ្នាំ ២០៣៥ នឹងកសាងដោយគ្រប់ជ្រុងជ្រោយ នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ ធ្វើឱ្យមានសុក្រឹតភាព បន្ថែមទៀត នូវប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈចិន សម្រេចបានជាមូលដ្ឋាន នូវការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិ និងសមត្ថភាពអភិបាលកិច្ច សម្រេចបានជាទូទៅនូវការកសាងសង្គមនិយមទំនើប ដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាន នូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ នៅពាក់កណ្តាលសតវត្សរ៍នេះ។
ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ គឺជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្ម តាមបែបផែនចិន។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាភារកិច្ចចម្បងក្នុងការកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ។ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់នេះ នឹងចាប់ផ្តើមចេញពីការអភិវឌ្ឍការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមូលធនមនុស្ស ដែលជាការទ្រទ្រង់ជាមូលដ្ឋាន និងជាយុទ្ធសាស្ត្រសម្រាប់ ការធ្វើទំនើបកម្មតាមបែបផែនចិន ដែលមានលក្ខណៈពិសេសបំផុតលើពិភពលោក។
សំឡេង៖ « ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ និង ក្រោយកូវីដ១៩ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ពិភពលោកកំពុងប្រឈមនឹងភាពផុយស្រួយ មិនត្រឹមតែប្រទេសតូចទេ សហរដ្ឋអាមេរិក សហគមអឺរ៉ុប អាស៊ីន អាស៊ាន និង ប្រទេសចិន ក៏កំពុងតែប្រឈមនឹងរបត់សេដ្ឋកិច្ចថ្មី ការរត់ប្រណាំងផ្នែកកំណើនសេដ្ឋកិច្ចថ្មី ជាពិសេស ការរត់ប្រណាំងរវាងការលើកកម្ពស់នៃសមាហរណកម្មតំបន់សម្រាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដូចជា RCEP ជាមួយនឹងប្រព័ន្ធគាំពារនិយម។ ចំពោះស្ថានការនេះ ប្រទេសចិននៅតែរក្សាជំហរ និង ប្រកាន់ខ្ជាប់នូវការបើកចំហ និងការបើកទូលាយក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង សង្គម ដើម្បីឱ្យពិភពលោកក្លាយជាសហគមន៍ជោគវាសនារួម និង មានកំណើនប្រកបដោយបរិយាប័ន្ន។»
ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយរូប ឯកឧត្តមមើលឃើញថា សេដ្ឋកិច្ចចិនមានមូលដ្ឋានរឹងមាំណាស់ ហើយយល់ឃើញថា ប្រការនេះនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោក តាមរយៈនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយភាពនឹងនរ និង មានទំនោរទៅរកភាពលំនឹងនៃកំណើនក្នុងរយៈពេលវែង។
ឯកឧត្តមទាញសេចក្តីសន្និដ្ឋានបានថា ចិនជាប្រទេសមួយ ដែលពោរពេញទៅដោយឱកាស ដែលការអភិវឌ្ឍរបស់ចិននឹងបន្តផ្តល់កាលានុវត្តភាពដល់ពិភពលោក ជាពិសេសប្រទេសកម្ពុជា ក្នុងការកែទម្រង់នានា ដើម្បីឈានដល់ការរីកចម្រើនប្រកបដោយបរិយាប័ន្ន៕
ដោយគិរីដងរែក