កម្ពុជាអបអរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយបង្ហាញពីសហគមន៍ជនជាតិដើមភាគតិចចំនួន ១,៤ភាគរយ ឬ ២៤ម៉ឺននាក់នៃចំនួនប្រជាជាតិសរុប ១៧ លាននាក់។
ក្រោមប្រធានបទ «ការការពារសិទ្ធិរស់នៅ នឹងប្រាស្រ័យទាក់ទងតាម បែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត» លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការការពារសិទ្ធិ និងការអភិវឌ្ឍន៍របស់ជនជាតិដើមភាគតិចនៅក្នុងសារលិខិតសាធារណៈ។ លោកនាយករដ្ឋមន្ដ្រី បានឱ្យដឹងនៅក្នុងសារលិខិតថា៖ «បងប្អូនជនជាតិដើមភាគតិចទាំងអស់មានប្រមាណជា ១,៤ភាគរយ នៃចំនួនប្រជាជនសរុបនិងរស់នៅក្នុងខេត្តមួយចំនួន ដូចជា៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាមតំបន់មួយចំនួនទៀត»។
លោកបន្ដថា៖ «បងប្អូនជនជាតិដើមភាគតិច យើងប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន»។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគោរព និងការពារសិទ្ធិជនជាតិដើមភាគតិចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ដោយបានធានាពីសិទ្ធិស្មើគ្នាទាំងអស់របស់ប្រជាជនកម្ពុជាដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនា។
លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចបានចំនួន ១៩៤ សហគមន៍ និងចូលរួម អនុម័តបទបញ្ជាផ្ទៃក្នុង ស្តីពីការប្រើប្រាស់ និងគ្រប់គ្រងដីជាសមូហភាពសហគមន៍ជនជាតិដើមភាគតិច បានចំនួន ១០១ សហគមន៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទទួលស្គាល់ និងការពារសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើង ក្នុងនាមជនជាតិខ្មែរតែមួយ។
ដោយគិរីដងរែក