លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានការបង្ហោះសារលើបណ្ដាញសង្គម នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ មុននេះ លោក ប៉ែន បូណា បានពន្យល់ថា កម្ពុជាមានបង្គោលព្រំដែនដ៏រឹងមាំដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការចរចាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាង ដើម្បីកសាងរបងផ្ទះឱ្យបានច្បាស់លាស់ និងមាំទាំក្នុងគោលបំណងធានាឱ្យបាននូវបូរណភាពទឹកដីរបស់ខ្លួនឱ្យបានជាដាច់ខាត។
ផ្លូវក្រវាត់ព្រំដែនត្រូវបានកសាងឡើងភ្លាមៗក្រោយពីបង្គោលព្រំដែនត្រូវបានបោះរួចដើម្បីធ្វើជាខ្សែក្រវាត់ទី២ បន្ទាប់ពី បង្គោលខ័ណ្ឌសីមា។ ផ្លូវនេះមានសារសំខាន់ណាស់ ពីព្រោះវាមិនគ្រាន់តែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលតាមបណ្តោយព្រំដែន និងអាចដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារដោយងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែ មានផ្លូវគឺមានការអភិវឌ្ឍ។ ការអភិវឌ្ឍតាមបណ្តោយព្រំដែន គឺជាគ្រឹះដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។
ប្រជាពលរដ្ឋបានទៅតាំងទីលំនៅតាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើងដែលធ្វើឱ្យតំបន់ព្រំដែនមានសកម្មភាពរស់រវើក ដូចជាការលក់ដូរ វត្តអារាម សាលារៀន ការប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ និងការនេសាទត្រីជាដើម។ ប្រជាពលរដ្ឋទាំងនោះហើយដែលជាឆ្មាំការពារបូរណភាពទឹកដីដ៏រឹងមាំ។ រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ព្រំដែននៅគ្រប់ទីកន្លែង។
លោក ប៉ែន បូណា លើកឡើងបន្តថា រាជរដ្ឋាភិបាលមានគោលនយោបាយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមជាយដែន។ ចំណុចទាំងឡាយដូចបានលើកឡើងខាងលើសុទ្ធសឹងជាយុទ្ធសាស្ត្រស៊ីជម្រៅ និងជាក់លាក់ក្នុងការរក្សាការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យបានគង់វង្ស និងស្ថិតស្ថេរចីរកាលជារៀងរហូតសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។
គួរបញ្ជាក់ថា កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី៕
ដោយគិរីដងរែក