27 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

កម្ពុជាចាយលុយជិត ៥០០លានដុល្លារ នាំចូលយានយន្តពីក្រៅប្រទេសនៅ ៥ខែឆ្នាំនេះ

- Advertisement -spot_img

រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានចំណាយជិត ៥០០លានដុល្លារ ពីការនាំចូលយានយន្តពីក្រៅប្រទេស មានការកើនឡើងចំនួន ៤.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, រយៈពេល៥ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចូលរថយន្តសរុបចំនួន ១៦,២០៤គ្រឿង បានប្រាក់ពន្ធ និងអាករចំនួន៩៨៩.៨៩៥លានរៀល ស្មើនឹងប្រមាណជាង ២៤០លានដុល្លារ។

លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានឲ្យដឹងថា ទំហំនៃការនាំចូលរថយន្ត ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយ មានទំនោរថយចុះជារៀងរាល់ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ច។ លោកសឿន ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងពិនិត្យមើលនិន្នាការ នៃការនាំចូលរថយន្តពីក្រៅប្រទេស នាប៉ុន្មានឆ្នាំចុងក្រោយ ទំហំនៃការនាំចូលរថយន្តមកកាន់ប្រទេសកម្ពុជា មានទំនោរថយចុះ ជារៀងរាល់ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា បានកែប្រែផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ ឲ្យបែរមកទិញរថយន្តថ្មី ជំនួសឲ្យរថយន្តជជុះវិញ»។

លោក សឿន ដារ៉ា បានឲ្យដឹងថា ជាមួយកំណើននេះ ក្រុមហ៊ុនមួយចំនួនបានសម្រេចបោះទុនវិនិយោគលើរោងចក្រដំឡើង ក្នុងស្រុកមកទល់ឆ្នាំ២០២៤នេះ ក្រុមហ៊ុនរថយន្តចំនួន៧ បានបោះទុនវិនិយោគដំឡើងរថយន្ត ក្នុងប្រទេសកម្ពុជា រួមមានក្រុមហ៊ុន៖ Hyundai, SsangYong, Ford, Toyota,Kia, Isuzu និង GTV។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img