31 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

១០ ចំណុចស្គាល់ព្រះមហាវិមលធម្ម ពិន សែម (សិរីសុវណ្ណោ) ព្រះចៅអធិការវត្តរាជបូណ៌

- Advertisement -spot_img
      ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ជាព្រះថេរៈមួយព្រះអង្គដែលមានទាំងចំណេះ ដឹងនិងគុណធម៌គួរឱ្យគោរពបូជា។ ព្រះអង្គបានបំពេញការងារជាច្រើន ទាំងការងារផ្នែកពុទ្ធចក្រនិង ការងារផ្នែកអាណាចក្រ ដែលភាគច្រើននៃការងារទាំងអស់នោះ គឺផ្តោតជាសំខាន់ទៅលើវិស័យអប់រំ កិច្ចប្រតិបត្តិសាសនា និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ 
      ការងារបស់ព្រះមហាវិមលធម្មមានច្រើនជាអនេករាប់មិនអស់ ហើយអ្វីដែលខ្ញុំលើកយកមករៀប រាប់ទាំងប៉ុន្មាននៅក្នុងសៀវភៅនេះ គឺគ្រាន់តែជាសកម្មភាពត្រួសៗប៉ុណ្ណោះ ពោលគឺមិនបានគ្រប់ជ្រុង ជ្រោយ ទៅតាមអ្វីដែលជាការងារពិតប្រាកដរបស់ព្រះមហាឡើយ។ តទៅនេះខ្ញុំនឹងធ្វើការរៀបរាប់នូវ សកម្មភាពនៃការងារទាំងអស់នោះ ទាំងក្នុងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រ ទៅតាមអ្វីដែលខ្ញុំធ្លាប់ បានសង្កេតឃើញកន្លងមកដូចតទៅ៖
      ១.ជាព្រះថេរៈចាស់វស្សាមួយព្រះអង្គ ដែលបានសច្ចាសាងផ្នួសអស់មួយជីវិត ដើម្បីបូជា ចំពោះព្រះពុទ្ធសាសនាប្រកបដោយទឹកចិត្តសទ្ធាដ៏មុតមាំ។
      ព្រះមហាវិមលធម្ម ពិន សែម (សិរីសុវណ្ណោ) ព្រះអង្គបានចូលមកសាងផ្នួសនៅក្នុងព្រះពុទ្ធសាសនាចំនួន២ដង។ លើកទី១ចាប់ពីឆ្នាំ១៩៦២ដល់ឆ្នាំ១៩៧៥ និងលើកទី២គឺចាប់ពីឆ្នាំ១៩៨០រហូត មកដល់បច្ចុប្បន្ន។ ហេតុផលនៃការលាចាកសិក្ខាបទរបស់ព្រះអង្គក្នុងផ្នួសទី១ គឺមិនមែនព្រោះព្រះអង្គ អស់និស្ស័យក្នុងភេទជាបព្វជិតនោះទេ ប៉ុន្តែមូលហេតុមានតែមួយគត់គឺដោយសារតែការចាប់បង្ខំរបស់ ទាហានខ្មែរក្រហមក្នុងសម័យសង្គ្រាម៣ឆ្នាំ៨ខែ២០ថ្ងៃ។


      ក្នុងពេលនោះ ថ្វីត្បិតបើព្រះអង្គលាចាកសិក្ខាបទទៅក៏ពិតមែន ប៉ុន្តែនៅក្នុងព្រះទ័យរបស់ព្រះ អង្គនៅតែដក់ចិត្តជានិច្ចក្នុងជីវិតផ្នួស។ របបអាវខ្មៅអាចឃុំគ្រងព្រះកាយរបស់ព្រះអង្គបានក៏ពិតមែន ប៉ុន្តែមិនអាចហាមឃាត់ចិត្តសទ្ធាជ្រះថ្លារបស់ព្រះអង្គបានឡើយ។ នៅក្នុងព្រះទ័យរបស់ព្រះអង្គមានតែ ព្រះរតនត្រ័យប៉ុណ្ណោះជាទីពឹងទីរលឹកស្មើដោយជីវិត ព្រមទាំងរក្សានូវនិច្ចសីល (សីល៥) ជាប្រចាំ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាដ៏មុតមាំបំផុត។

      ក្រោយភ្លើងសង្គ្រាមរលត់ទៅភ្លាមៗ ព្រះអង្គមិនបានរារែកព្រះទ័យឡើយ គឺព្រះអង្គបានសម្រេច ព្រះទ័យចូលមកសាងផ្នួសសាជាថ្មីម្តងទៀតជាលើកទី២។ ការសាងផ្នួសជាលើកទី២នេះ គឺព្រះមហា បានតាំងព្រះទ័យយ៉ាងមុតមាំបំផុតថា ជាការសាងផ្នួសចុងក្រោយបង្អស់ និងជាការសាងផ្នួសដើម្បី បូជាជីវិតចំពោះព្រះពុទ្ធសាសនាតែម្យ៉ាងគត់ ហើយព្រះអង្គព្រមដាក់ខ្លួនធ្វើជាទាសៈរបស់ព្រះពុទ្ធ ព្រះ ធម៌និងព្រះសង្ឃដែលជារតនៈដ៏ឧត្តមខ្ពង់ខ្ពស់អស់មួយជីវិត។

      តាំងពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល៤២ឆ្នាំមកហើយ ទឹកព្រះទ័យ និងឆន្ទៈរបស់ព្រះមហាវិមលធម្ម នៅតែមុតមាំក្នុងព្រះពុទ្ធសាសនាឥតងាករេឡើយ។ ការងារគ្រប់ យ៉ាងដែលព្រះមហាបានធ្វើគឺដើម្បីប្រយោជន៍ដល់ការថែរក្សា ការការពារព្រះពុទ្ធសាសនាឱ្យបានគង់ វង្សស្ថិតស្ថេរជានិរន្តរ៍តទៅ។ ក្រៅពីនេះព្រះមហាបានខិតខំប្រតិបត្តិខ្លួនជាសាវ័កល្អ គោរពតាមព្រះវិន័យ អប់រំកាយវាចាចិត្តឱ្យល្អបរិសុទ្ធ និងបដិបត្តិកម្មដ្ឋាន មានសមាធិកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋាន ធ្វើជា ទីពឹងផ្លូវចិត្ត និងជាបដិបទានៃការសាងបារមី ដើម្បីទៅកាន់ទីរួចចាកទុក្ខដែលជាបំណងប្រាថ្នាចុងក្រោយបង្អស់។

ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល
December 27, 2023

(ផ្នែកខ្លះៗនៃសៀវភៅ)

ដោយគិរិដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img