នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៣:៣០នាទី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមសាខាខេត្តបាត់ដំបង បានផ្តល់កិត្តយសអញ្ជើញមកចូលរួមរំលែកមរណៈទុក្ខដោយផ្ទាល់ ជាមួយក្រុមគ្រួសារនៃសព ឧបាសិកា សោម ម៉ាលី ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ១២ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៣:១៥នាទីរសៀល នៅក្នុងជន្មាយុ ៩២ ឆ្នាំ ដោយជរាពាធ ដែលស្ថិតនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ស្ថិតក្នុងមរណៈទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមបានសម្តែងនូវសេចក្តីសោកស្តាយ អាឡោះ អាល័យ ដល់ក្រុមគ្រួសារនៃសព ដែលបានបាត់បង់អ្នកម្តាយជាទីស្រលាញ់ និងគោរព ប្រកបដោយព្រហ្មវិហាធម៌ ព្រមទាំងបានចូលរួមនៅបច្ច័យក្នុងកម្មពិធីបុណ្យសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព ឧបាសិកា សោម ម៉ាលី ទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើង។
ជាមួយគ្នានេះឯកឧត្តម ផេង សិទ្ធី តំណាងឲ្យក្រុមគ្រួសារនៃសព បានសម្តែងនូវសេចក្តីអំណរអរគុណយ៉ាងជ្រៀវជ្រៅ ចំពោះវត្តមានដ៏ឧត្ដុងឧត្តមរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងបានចំណាយថវិការផ្ទាល់ខ្លួន មកចូលរួមក្នុងកម្មពិធីបុណ្យសព ឧបាសិការ សោម ម៉ាលី ដែលត្រូវជាម្តាយបង្កើតរបស់លោក។
សូមបញ្ជាក់ផងដែលថា កម្មពិធីដង្ហែសព ឧបាសិកា សោម ម៉ាលី ប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤ វេលា ៨:០០នាទីព្រឹក ហើយប្រារព្ធកម្មវិធីបូជាសពនៅវេលាម៉ោង ៦:០០នាទីល្ងាច និងនៅព្រឹកថ្ងៃទី១៧ ពិធីសម្តែងធម៌ទេសនា ដោយព្រះគ្រូ សុខ រី និងអញ្ជើញភ្ញៀវកិត្តិយស ពិសារភោគជនីហារថ្ងៃត្រង់ ជាកិច្ចបង្ហើយនៃកម្មពិធីបុណ្យ។











ដោយគិរីដងរែក